លោក ត្រាំ ថា បទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស់ នៅជាធរមាន ទោះបីផ្ទុះអាវុធជាថ្មី នៅហ្គាហ្សា
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ អះអាងថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតែមានសុពលភាព ទោះបីជាមានការវាយប្រហារជាថ្មី នៅតំបន់ហ្គាហ្សា។
លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា បទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែជាធរមាន បន្ទាប់ពីយោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងសាហាវ ទៅលើតំបន់ហ្គាហ្សា ជុំវិញការចោទប្រកាន់ ពីការរំលោភបទឈប់បាញ់ជាក់ស្តែង ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។
ប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One នៅពេលសួរ អំពីស្ថានភាពបទឈប់បាញ់ លោក Trump ក៏បានលើកឡើងដែរថា ថ្នាក់ដឹកនាំក្រុមហាម៉ាសមិនជាប់ពាក់ព័ន្ធ ក្នុងការរំលោភបំពានណាមួយឡើយ ហើយជំនួសមកវិញ បានស្តីបន្ទោស “ពួកឧទ្ទាមមួយចំនួន នៅក្នុងនោះ”។
លោក Trump បានបន្ថែមថា «ប៉ុន្តែ វិធីណាក៏ដោយ វានឹងត្រូវបានដោះស្រាយ យ៉ាងត្រឹមត្រូវ។ វានឹងត្រូវបានដោះស្រាយ យ៉ាងតឹងរ៉ឹង ប៉ុន្តែ ត្រឹមត្រូវ»។
អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបន្តពង្រឹងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា បន្ទាប់ពីបានវាយប្រហារ ទីតាំងក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ ដោយបានចោទប្រកាន់ក្រុមនេះថា បានកំណត់គោលដៅ លើកងទ័ពរបស់ខ្លួន នៅក្នុងអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីបទឈប់បាញ់ រយៈពេល៩ថ្ងៃ បានចាប់ផ្តើម។
គួរបញ្ជាក់ថា ថ្មីៗនេះ ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានប្រកាសបញ្ចប់ជម្លោះ ដែលបានអូសបន្លាយ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ សម្លាប់ជីវិតមនុស្ស អស់រាប់ម៉ឺននាក់។ ផ្អែកតាមកិច្ចព្រមព្រៀង ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង នៅហ្គាហ្សា។ អ៊ីស្រាអែល ត្រូវដកកងទ័ពរបស់ខ្លួន ចេញពីផ្នែកខ្លះ នៃទីតាំងហ៊ុមព័ទ្ធ ហើយក្រោយមកទៀត ត្រូវដកទ័ពទាំងស្រុង។
ក្របខ័ណ្ឌបទឈប់បាញ់ ២០ចំណុច យ៉ាងទូលំទូលាយ របស់លោក ត្រាំ បានអំពាវនាវឱ្យមានការបង្កើតរដ្ឋបាលអន្តរកាលនៅហ្គាហ្សា។ក្រុមហាម៉ាស់ត្រូវបានគេរំពឹងថា នឹងដកអាវុធ ព្រមទាំងចាកចេញពីអភិបាលកិច្ច នៅក្នុងទឹកដីនេះ ដើម្បីឲ្យក្លាយទៅជាតំបន់ ដែលគ្មានការបំផ្លិចបំផ្លាញ និង គ្មានភេរវកម្ម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត