អាមេរិក និងកូរ៉េខាងជើងលួចពិភាក្សាសម្ងាត់រៀបចំជំនួបលោក Trump-Kim Jong Un

វ៉ាស៊ីនតោន ៖ មន្រ្តីសេតវិមានបានលួចពិភាក្សាដោយសម្ងាត់ ឬជាលក្ខណៈឯកជនជាមួយកូរ៉េខាងជើង ក្នុងគោលបំណងផ្តួចផ្តើមកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK ដកស្រង់ប្រភពពី CNN កាលពីថ្ងៃអាទិត្យ។

ប្រភពបានឱ្យដឹងទៀតថា មន្រ្តីទាំងនោះបាននឹងកំពុងថ្លឹងថ្លែងរៀបចំជំនួបកំពូលមួយ អំឡុងពេលលោកប្រធានាធិបតី ត្រាំ ហោះទៅកាន់តំបន់អាស៊ីនាចុងខែនេះ ដែលក្នុងនោះរួមមានទាំងការបំពេញទស្សនកិច្ចនៅជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

ទន្ទឹមគ្នា បណ្តាញទូរទស្សន៍អាមេរិកបានដកស្រង់ប្រភពចេញផ្សាយថា មនុស្សជាច្រើនមានការរំពឹងទុកខ្ពស់ថា ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ទំនងជាកើតឡើង។ ប្រភពបានអះអាងថា មិនដូចជំនួបកំពូលអំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី ត្រាំ ទេ, ជំនួបលើកនេះមិនបានបង្ហើបឱ្យដឹងអំពីទំនាក់ទំនងរវាងអាមេរិក-កូរ៉េខាងជើងជាមុននោះទេ។

សូមរម្លឹកថា លោកប្រធានាធិបតី ត្រាំ បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ចំនួន៣លើករួចមកហើយ កាលពីអំឡុងអាណត្តិដំបូងរបស់គាត់។ ប៉ុន្តែជំនួបទាំងនោះ មិនមានលទ្ធផលអ្វីជាផ្លែផ្កានោះទេ។

ងាកមកកាលពីខែសីហាវិញ លោកប្រធានាធិបតី ត្រាំ ត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីលទ្ធភាពជួបជាមួយលោក គីម នៅពេលលោកធ្វើជាម្ចាស់ស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង នៅសេតវិមាន, លោកបានឆ្លើយតបថា រឿងនេះពិបាកនិយាយបន្តិច ប៉ុន្តែលោកពិតជាចង់ជួបលោក គីម ក្នុងឆ្នាំនេះ តែលោកមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទេ គ្រាន់តែបានបង្ហើបថា លោកមានទំនាក់ទំនងល្អជាមួយលោក គីម ប៉ុណ្ណោះ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner