សម្តេចធិបតី ៖ រាជរដ្ឋាភិបាលមានអភិក្រមច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល មានអភិក្រមច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដើម្បីធានាសុខសន្តិភាព ប្រក្រតីភាព និងការអភិវឌ្ឍសម្រាប់ប្រជាជាតិទាំងសងខាង។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់អភិក្រមដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃរួមមាន៖ទី១–មិនពង្រីកតំបន់ជម្លោះទៅកាន់តំបន់ផ្សេង ទី២– កន្លែងដែលកើតហេតុ ត្រូវព្យាយាមដោះស្រាយតាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយឱ្យអស់លទ្ធភាព និងទី៣–ស្តារស្ថានការណ៍ឡើងវិញដើម្បីធានានូវសន្តិភាពនិងប្រក្រតីភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដោយមិនប្រើកំហឹងទល់នឹងកំហល់នោះឡើយ ព្រោះថាសង្រ្គាមនឹងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋបន្តទៀត៕
ដោយ៖ពលជ័យ



