លោក Trump ហៅប្រធានាធិបតីកូឡុំប៊ីថា ជា “មេដឹកនាំគ្រឿងញៀន”
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើវោហាសាស្រ្តវាយប្រហារធ្ងន់ៗ ដោយបានហៅប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ ចំៗថា ជា “មេដឹកនាំគ្រឿងញៀនខុសច្បាប់” ហើយថែមទាំងគំរាមកាត់ផ្តាច់ជំនួយដល់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
មេដឹកនាំអាមេរិករូបនេះនិយាយថា លោកប្រធានាធិបតី ផេត្រូ គឺមេដឹកនាំជួញដូរគ្រឿងញៀនខុសច្បាប់មួយរូប ដែលនៅពីក្រោយការផលិតគ្រឿងញៀនដ៏ធំសម្បើម ហើយអាមេរិកនឹងឱ្យកូឡុំប៊ីរាប់រងការចំណាយទាំងអស់ទៅលើបញ្ហានេះ។
លោកប្រធានាធិបតី ត្រាំ ក៏បានសរសេរសារបង្ហោះលើបណ្តាញសង្គម Truth Social ដែរថា គោលបំណងរួមនៃការផលិតគ្រឿងញៀននៅកូឡុំប៊ី គឺចែកចាយទ្រង់ទ្រាយធំបំផុតចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីសម្លាប់ជីវិតមនុស្ស ការបំផ្លិចបំផ្លាញ និងវិនាសកម្ម។
យ៉ាងណាមិញ ភ្លាមៗស្ថានទូតកូឡុំប៊ីប្រចាំទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅពុំទាន់ធ្វើការឆ្លើយតបចំពោះការអត្ថាធិប្បាយបែបនេះរបស់លោកប្រធានាធិបតី ត្រាំ នៅឡើយទ។
ភាពតានតឹងរវាងប្រទេសទាំងពីរ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដកហូតទិដ្ឋាការលោកប្រធានាធិបតី ផេត្រូ កាលពីខែមុន បន្ទាប់ពីមេដឹកនាំកូឡុំប៊ីរូបនេះបានចូលរួមបាតុកម្មគាំទ្រប៉ាឡេស្ទីននៅទីក្រុងញូវយ៉ក និងជំរុញឱ្យទាហានអាមេរិកឈប់ស្តាប់បញ្ជារបស់លោក ត្រាំ។
ដោយឡែកកាលពីខែកញ្ញា លោកប្រធានាធិបតី ត្រាំ ក៏បានចាត់ទុកប្រទេសមួយចំនួន មានដូចជាអាហ្វហ្គានីស្ថាន បូលីវី មីយ៉ាន់ម៉ា កូឡុំប៊ី និងវេណេស៊ុយអេឡា ស្ថិតក្នុងចំណោមប្រទេសបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀនផងដែរ៕


ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា