ចិន ចោទ អាមេរិក ថា វាយប្រហារតាមអ៊ីនធឺណិតលើមជ្ឈមណ្ឌលពេលវេលាជាតិ
ប៉េកាំង ៖ ប្រទេសចិនបានចោទប្រកាន់ទីភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិក ថា បានវាយប្រហារ តាមអ៊ីនធឺណេត ដោយចូលទៅលួចយកព័ត៌មានសម្ងាត់ នៅមជ្ឈមណ្ឌលពេលវេលាជាតិរបស់ខ្លួន។
ចិនព្រមានថា ការរំលោភធ្ងន់ធ្ងរនេះ អាចរំខានដល់បណ្តាញទំនាក់ទំនង, ប្រព័ន្ធហិរញ្ញវត្ថុ, ការផ្គត់ផ្គង់ថាមពល និងពេលវេលាស្តង់ដារអន្តរជាតិ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រយធឺ នៅថ្ងៃទី២០ ខែតុលានេះ។
ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគណនី WeChat របស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី១៩ ខែតុលា ថា គេបានរកឃើញភ័ស្តុតាង តាមដានទិន្នន័យ និង ព័ត៌មានសម្ងាត់ ដែលត្រូវបានលួច តាំងពីឆ្នាំ២០២២ ហើយសកម្មភាពនេះ គឺ ដើម្បីឈ្លបយកការណ៍ លើឧបករណ៍ចល័ត និង ប្រព័ន្ធបណ្តាញរបស់បុគ្គលិក នៅមជ្ឈមណ្ឌលនេះ។
ការស៊ើបអង្កេតរបស់ក្រសួង ក៏បានរកឃើញផងដែរថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារ លើប្រព័ន្ធបណ្តាញផ្ទៃក្នុង របស់មជ្ឈមណ្ឌល និង ប៉ុនប៉ងវាយប្រហារប្រព័ន្ធកំណត់ពេលវេលាមូលដ្ឋាន ដែលមានភាពជាក់លាក់ខ្ពស់ ក្នុងឆ្នាំ ២០២៣ និង ២០២៤។
មជ្ឈមណ្ឌលពេលវេលាជាតិ គឺ ជាវិទ្យាស្ថានស្រាវជ្រាវមួយ ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដែលបង្កើត, ថែរក្សា និងផ្សាយពេលវេលាស្តង់ដារ របស់ប្រទេសចិន។
ស្ថានទូតអាមេរិក នៅទីក្រុងប៉េកាំង មិនបានឆ្លើយតបនឹងការចោទប្រកាន់នេះ ដោយ ផ្ទាល់ទេ ប៉ុន្តែ បែរបានចោទប្រកាន់វិញថា ចិនបានធ្វើចារកម្មតាមអ៊ីនធឺណិត យ៉ាងទូលំទូលាយ មកលើសេវាទូរគមនាគមន៍ធំៗ របស់សហរដ្ឋអាមេរិក និងពិភពលោក។
ប្រទេសចិន និង សហរដ្ឋអាមេរិកបានរចោទប្រកាន់គ្នាទៅវិញទៅមក កាន់តែខ្លាំងឡើង អំពីការវាយប្រហារ តាមអ៊ីនធឺណិត ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ការវាយប្រហារគ្នា ចុងក្រោយនេះ បានកើតឡើង ចំពេលមានភាពតានតឹងពាណិជ្ជកម្មជាថ្មី ជុំវិញការគ្រប់គ្រងការនាំចេញរ៉ែកម្រ របស់ប្រទេសចិន ហើយសហរដ្ឋអាមេរិកបានគំរាមដំឡើងពន្ធបន្ថែមទៀត លើទំនិញចិន៕
ប្រភពពី រយធឺ ប្រែសម្រួល ៖ សារ៉ាត