ក្រសួងកសិកម្ម អង្គការ FAO និង តំណាងសហភាពអឺរ៉ុប នឹងរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ពីវឌ្ឍនភាពស្តីពី «ការធ្វើឌីជីថលនៃការគ្រប់គ្រងជលផលសមុទ្រនៅកម្ពុជា»
(ភ្នំពេញ)៖ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ពីកិច្ចសហការត្រៀមរៀបចំទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មាន អំពី វឌ្ឍនភាពស្តីពី «ការធ្វើឌីជីថលនៃការគ្រប់គ្រងជលផលសមុទ្រនៅកម្ពុជា» នៅខេត្តព្រះសីហនុ។
ក្នុងជំនួបពិភាក្សាដែលបានរៀបចំឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានថ្លែងអំណរគុណដល់អង្គការ FAO និងសហភាពអឺរុប ដែលបានសហការជាមួយក្រសួងកសិកម្ម និងរដ្ឋបាលជលផល ដើម្បីដឹកនាំអ្នកសារព័ត៌មាន និងអង្គការស្ថាប័នពាក់ព័ន្ធ ចុះធ្វើទស្សនកិច្ចផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ការបំពាក់ប្រព័ន្ធគ្រប់គ្រងនាវា VMS និងអត្ថប្រយោជន៍របស់VMS សម្រាប់ការគ្រប់គ្រងជលផលសមុទ្រប្រកបដោយចីរភាព និងការយល់ដឹងពីការប្រើប្រាស់ឧបករណ៍ឌីជីថលនេះនៅតំបន់សមុទ្រ។
ជាមួយគ្នានេះលោកជំទាវសង្ឃឹមថា ដំណើរទស្សនកិច្ចសិក្សាដែលគ្រោងរៀបចំនៅចុងឆ្នាំនេះ នឹងទទួលបានការចូលរួមកាន់តែផុលផុស ពីសំណាក់អ្នកសារព័ត៌មាន ដែលមានឱកាសចុះទៅដល់ទីតាំងផ្ទាល់ ជួបសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធរួមមាន៖ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ អ្នកនេសាទ ម្ចាស់នាវា ប្រតិបត្តិករ ដៃគូសហការទាំងអស់ ដើម្បីរួមគ្នាបង្ហាញពីលទ្ធផលនៃការបំពាក់ប្រព័ន្ធ VMS នៅលើនាវា ដែលមានសមត្ថភាពត្រួតពិនិត្យពេលវេលាជាក់ស្តែង ជួយទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ និងធានាបាននូវការនេសាទអនុលោមទៅតាមស្តង់ដាអន្តរជាតិ៕
ដោយ ៖ ម៉ាដេប៉ូ








