អ៊ីស្រាអែលទម្លាក់គ្រាប់បែក ១៥៣តោន លើហ្គាហ្សា កាលពីថ្ងៃអាទិត្យ

ហ្ស៊េរុយសាឡិម ៖ លោក ណេតាន់យ៉ាហ៊ូ ថ្លែងប្រាប់សភាជាតិ ថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែក ១៥៣តោន ទៅលើតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងការរំលោភបទឈប់បាញ់ របស់ក្រុមហាម៉ាស់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់សមាជិកសភាថា «ដៃមួយរបស់យើង កាន់អាវុធមួយ ដៃម្ខាងទៀត ត្រូវបានលាតសន្ធឹង ដើម្បីសន្តិភាព»។

លោកបន្តថា «អ្នកបង្កើតសន្តិភាពជាមួយនឹង អ្នកខ្លាំង មិនមែនអ្នកទន់ខ្សោយទេ…សព្វថ្ងៃនេះ អ៊ីស្រាអែលគឺខ្លាំងជាងពេលមុន»។

អ៊ីស្រាអែលបាននិយាយថា កាលពីថ្ងៃអាទិត្យ ទី១៩ ខែតុលា ខ្លួនបានបើកការវាយប្រហារ តាមអាកាសប្រឆាំងនឹងគោលដៅនានា ក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីទាហានរបស់ខ្លួនពីរនាក់ បានស្លាប់ នៅក្នុងការវាយប្រហារ ដោយក្រុមហាម៉ាស់។ តែ ក្រុមប៉ាឡេស្ទីនបានបដិសេធថា មិនដឹងពីការវាយប្រហារ នោះទេ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល នៅតំបន់ Gaza បាននិយាយថា អ៊ីស្រាអែលបានសម្លាប់ ជនជាតិប៉ាឡេស្ទីន យ៉ាងតិច ៩៧នាក់ និងរបួស ២៣០នាក់ផ្សេងទៀត ចាប់តាំងពីការចាប់ផ្តើម នៃបទឈប់បាញ់ និង បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ចំនួន៨០ដង។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ ចាត់វិធានការយ៉ាងខ្លាំងក្លា ប្រឆាំងនឹងគោលដៅរបស់ពូកសកម្មប្រយុទ្ធ នៅតំបន់ Gaza Strip ដោយចោទប្រកាន់ក្រុមហាម៉ាស់ថា បានរំលោភលើបទឈប់បាញ់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner