សហជីពនៅកម្ពុជាជំរុញឱ្យអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បន្តនីតិវិធីទៅកាន់តុលាការកុំធ្វើខុសនីតិវិធីតុលាការ

(ភ្នំពេញ)៖ សហជីពធំៗនៅកម្ពុជាបានជំរុញឱ្យក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ បន្តនីតិវិធីទៅកាន់តុលាការ ព្រោះបញ្ហានៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាក្រុមប្រឹក្សាអាជ្ញាកណ្តាលបានដោះស្រាយរួចចប់សព្វគ្រប់អស់ហើយ។

ការជំរុញរបស់សហជីពនៅកម្ពុជា ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បាននាំគ្នាទៅដាក់ញត្តិស្នើសុំពន្លឿនដំណោះស្រាយវិវាទការងារនៅវេលាព្រឹកថ្ងៃដដែលនោះ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា ដំណោះស្រាយប្រកបដោយការយកចិត្តទុកដាក់របស់ក្រសួងការងារចំពោះបញ្ហានៅក្រុមហ៊ុនណាហ្គាវលើដ៍ គឺបានបញ្ចប់សព្វគ្រប់ហើយ ប៉ុន្តែក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ខ្លួនឯងទេ ដែលទាត់ចោលមិនទទួលយកដំណោះស្រាយរបស់ក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលធ្វើត្រឹមត្រូវស្របតាមច្បាប់ និងលក្ខខណ្ឌតម្រូវ។

លោកថ្លែងថា៖«សកម្មភាពរបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្តងហើយ ម្តងទៀតធ្វើការដាក់ញត្តិសុំអន្តរាគមន៍ពី ក្រសួងការងារគឺហាក់ដូចជាថយក្រោយ នៃដំណើរការនីតិវិធីទៅវិញទេ។ បើកើតទុក្ខមិនសុខចិត្ត ពួកគាត់អាចដាក់ប្តឹងទៅតុលាការ ព្រោះនីតិវិធីតុលាការប្រសើជាងការយកញត្តិមកដាក់ដដែលៗ គ្មានចំណេញអ្វីបន្តិចសោះឡើយសម្រាប់ប្រទេសជាតិ»។

លោក សំ សឿន បន្ថែមថា ការដាក់ញត្តិដដែលៗរបស់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ គឺជាចេតនាទុច្ចរិតបង្កើតឱ្យមានការយល់ច្រឡំ និងមានការវាយតម្លៃខុសមកលើរាជរដ្ឋាភិបាល ហេតុនេះ អ្នកទាំងអស់នោះ គួរតែបញ្ឈប់រាល់សកម្មភាពដាក់ញត្តិ ឬក៏ការធ្វើបាតុកម្មជាដើម ហើយបែរទៅរកដំណោះស្រាយតាមនីតិវិធីតុលាការប្រសើជាង។

ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា អ្វីដែលក្រុមអតីតបុគ្កលិកណាហ្គាវើលដ៍បានធ្វើគឺមិនអនុលោមទៅតាមផ្លូវច្បាប់ស្តីពីការងារ ក៏ដូចជាការអនុវត្តឱ្យបានត្រឹមត្រូវតាមសិទ្ធិ និងកតព្វកិច្ចរបស់ខ្លួន។ លោកថា ការដោះស្រាយបញ្ហាដែលបានឆ្លងកាត់នីតិវិធីតុលាការ ជាក់ស្តែង ឱ្យតែបងប្អូនបានអនុវត្តត្រឹមត្រូវនោះតុលាការនឹងបង្គាប់ឱ្យបងប្អូនឈ្នះមិនខាន។

លោកថ្លែងថា៖«ខ្ញុំសូមឱ្យបងប្អូនយើងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ការងារ ច្បាប់សហជីព ក៏ដូចជាច្បាប់ផ្សេងៗដែលពាក់ព័ន្ធ និងជាសារាចរផ្សេងៗដែលពាក់ព័ន្ធ ហើយជឿជាក់លើស្ថានប័នរបស់រដ្ឋ ជឿជាក់លើការដោះស្រាយពីក្រសួងរហូតដល់ទៅតុលាការ ឱ្យតែអ្វីដែលបងប្អូនធ្វើពិតជាត្រឹមត្រូវតាមច្បាប់ ច្បាស់ណាស់គេនឹងអនុវត្តកិច្ចការតាមច្បាប់»។

ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា មើលឃើញថា ការដាក់ញត្តិរបស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍គឺជាការធ្វើការងាររុញធាក់ថយក្រោយទៅវិញ មានន័យថា បញ្ហាបានដោះស្រាយនៅក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយ ស្រាប់តែបងប្អូនមកដាក់ញត្តិនៅក្រសួងការងារឡើងវិញបានន័យថា បងប្អូនមិនយល់ពីផ្លូវច្បាប់ អនុវត្តផ្ទុយពីច្បាប់ មិនហានប្រឈមមុខនឹងការពិតដែលត្រូវដោះស្រាយ គឺនីតិវិធីតុលាការ។

លោកថ្លែងថា ៖ «បើបងប្អូននៅតែបន្តការងារ ម្តងទៅមុខ ម្តងទៅក្រោយ ខ្ញុំគិតថា វាអត់មានអីចំណេញទៅដល់ជាតិ ក៏ដូចជាសង្គមទេ វាទៅជារូបភាពមួយបង្កទៅជាបាតុភាពមិនល្អមើល ប៉ះពាល់ដល់សង្គម ឬបាតុភាពណាមួយដែលអន្តរជាតិគេមើលមកថា មិនល្អសម្រាប់កម្ពុជារបស់យើង តែធាតុពិត ការដោះស្រាយរបស់ក្រសួងការងារ ក៏ដូចជាក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេចត្រឹមត្រូវអស់ហើយ»។

បើតាមលោក ហង្ស រ៉ាវី អ្វីដែលបងប្អូនអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវធ្វើបន្តនៅពេលនេះ គឺមានតែប្តឹងទៅតុលាការដើម្បីធ្វើការដោះស្រាយ ប៉ុន្តែបើសិនជាបងប្អូននៅតែបន្តយកបញ្ហានេះ ធ្វើជាឈ្នាន់នយោបាយនោះជាការជាន់ពន្លិចកិត្តិយសមុខមាត់ និងអត្ថប្រយោជន៍ជាតិតែប៉ុណ្ណោះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner