គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់សេចក្តីព្រាងច្បាប់ចំនួន ៥ ជូនគណៈកម្មការជំនាញរបស់ព្រឹទ្ធសភា ពិនិត្យសិក្សា និងផ្តល់យោបល់
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចជូន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បី ពិនិត្យសិក្សា និងផ្តល់យោបល់សេចក្តីព្រាងច្បាប់ស្តីពី៖
១-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារ អាស៊ាន ។
២-ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទី រូបវន្តបុគ្គល ។
៣-ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
៤-ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។
៥-ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីការបង្កើតអង្គការអន្តរជាតិ សម្រាប់សន្ធានកម្ម ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ










