អ៊ីរ៉ង់សម្ញែងការធ្វើទំនើបកម្មមីស៊ីលផ្លោងបាលិស្ទីក
តេហេរ៉ង់ ៖ ស្របពេលស្ថានភាពតានតឹងនៅមជ្ឈិបូព៌ាកាន់តែឡើងកំដៅនោះ អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានសម្ញែងការធ្វើទំនើបកម្មមីស៊ីលផ្លោងអន្តរទ្វីប ឬកាំជ្រួចបាលិស្ទីកចំនួន២ប្រភេទដែលផលិតក្នុងស្រុក រួមជាមួយប្រព័ន្ធបាញ់បង្ហោះដែលរងការខូចខាត អំឡុងសង្គ្រាម ១២ថ្ងៃជាមួយអ៊ីស្រាអែល។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB បានចេញផ្សាយកាលពីសប្តាហ៍មុនថា មីស៊ីលបាលិស្ទីកដែលទើបធ្វើទំនើបកម្មទាំងពីរប្រភេទ រួមមានកាំជ្រួច Emad និង Qadr នេះ គឺជាកម្មសិទ្ធិកងកម្លាំងអវកាសនៃអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ហើយត្រូវបានបំពាក់ជាមួយនឹងឧបករណ៍ប្រឆាំងសព្វាវុធអេឡិចត្រូនិចសត្រូវ។
មន្រ្តីជាន់ខ្ពស់នៃកងកម្លាំងអវកាស IRGC បាននិយាយថា អំណាចមីស៊ីលរបស់ខ្លួនបាននិងកំពុងបង្កើនស្ទើរតែគ្រប់ពេល និងធ្វើទំនើបកម្មមីស៊ីលថ្មីជានិច្ច ដើម្បីផ្តត់ផ្គង់ដល់កងកម្លាំងអវកាស រួមមានទាំងប្រព័ន្ធបាញ់បង្ហោះដែលត្រៀមបាញ់រួចរាល់ ក្នុងករណីទទួលបានបទបញ្ជាភ្លាមៗ។
ការធ្វើទំនើបកម្មសព្វាវុធយោធារបស់អ៊ីរ៉ង់នេះ កើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយលុកផ្លូវអាកាសដ៏ភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំនេះ នៅលើទឹកដីប្រទេសអ៊ីរ៉ង់ ក្នុងនោះរួមមានមូលដ្ឋានយោធា និងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ អ្នកវិទ្យាសាស្រ្ត និងជនស៊ីវិលជាច្រើននាក់។
ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូនវាយលុកចូលទឹកដីអ៊ីស្រាអែលវិញ បណ្តាលឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងមនុស្សរងរបួសយ៉ាងច្រើន មុនពេលមានបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរនៅថ្ងៃទី២៤ ខែមិថុនា៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
