ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ (CPA3)

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ នៅសាលាខេត្តកំពង់ចាម។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ និងទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណង នាំយកនូវបទពិសោធ ចែករំលែកគ្នាទៅវិញទៅមក ដើម្បីធ្វើជាមូលដ្ឋានក្នុងការពង្រឹងការគ្រប់គ្រង និងកែលម្អគុណភាពក្នុងការផ្តល់សេវាសាធារណៈ នៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល និងការចង់បានរបស់ប្រជាជនយើង រួមទាំងបានផ្តល់ទស្សនទានថ្មីៗ ការផ្តល់ចំណេះដឹង ការបង្កើតទំនាក់ទំនង និងបទពិសោធល្អៗស្របជាមួយបរិបទ និងស្ថានភាពជាក់ស្តែងថែមទៀតផង។

បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលារួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចុះទស្សនកិច្ចតាមស្តង់ពិព័រណ៍នានា របស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូចំណាត់ថ្នាក់លេខ២ ដល់លេខ១០ ក្នុងវិស័យសុខាភិបាល (CPA3) ឆ្នាំ២០២៤ បានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណទីធ្លាអង្គសិក្ខាសាលាផងដែរ។ លើសពីនេះនាព្រឹកដដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ (CPA3) និងជួបផ្ទាល់ជាមួយ បុគ្គលិក លោកគ្រូអ្នកគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលគាំទ្រមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ផងដែរ។

សូមជម្រាបថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២ កម្រិត៣ ទូទាំងប្រទេស៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner