រដ្ឋបាលខេត្តស្ទឹងត្រែងលែងកូនត្រីមេពូជ ៤ម៉ឺនក្បាល ចូលក្នុងទន្លេសេកុង ដើម្បីបង្កើនផលស្តុកធម្មជាតិ
ស្ទឹងត្រែង៖ កូនត្រីមេពូជបីប្រភេទចំនួនបួនម៉ឺនក្បាល ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង ធ្វើការលែងចូលទៅក្នុងទឹកទន្លេសេកុង ដែលជាដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកធម្មជាតិ និងជាសារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែម លើកិច្ចការពារធនធានជលផល និងជីវ:ចម្រុះ។
ពិធីលែងកូនត្រីពូជបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែងលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ប្រាក់ ទិត ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ និងមន្ត្រីពាក់ព័ន្ធកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
កូនត្រីមេពូជទាំងបួនម៉ឺនក្បាល ដែលត្រូវលែងចូលក្នុងទន្លេសេកុងក្នុងពេលនោះ រួមមាន៖ កូនត្រីឆ្ពិន ៣ម៉ឺនក្បាល កូនត្រីប្រា ៧ពាន់ក្បាល និងកូនត្រីពោ ៣ពាន់ក្បាល ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា សកម្មភាពលែងកូនត្រីពូជនេះជាការដាស់ស្មារតីដល់អ្នកនេសាទទាំងអស់ ឲ្យរួមគ្នាអភិរក្ស និងបញ្ឈប់ការនេសាទដោយខុសច្បាប់តទៅទៀត។ ម៉្យាងនឹងជួយបង្កើនភាពសម្បូរបែប នៃធនធានជលផល សម្រាប់រដូវបើកនេសាទ ។ឯកឧត្តមក៏បានអំពាវនាវដល់អ្នកនេសាទទាំងអស់ ឱ្យរួមគ្នាអភិរក្សធនធានជលផល និងចៀសវាងការប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់។
ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានលើកឡើងថា បច្ចុប្បន្ន មន្ត្រីបច្ចេកទេសវារីសត្វមេគង្គលើ កំពុងខិតខំភ្ញាស់កូនត្រីពូជជាច្រើនប្រភេទ ក្នុងនោះមានពូជត្រីប៉ាសេអ៊ី ផងដែរ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមវារីវប្បករក្នុងខេត្ត និងខេត្តជិតខាង ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែក លើការទិញកូនត្រីពីបណ្ដាខេត្តផ្សេងៗ ឬប្រទេសជិតខាង ដែលអាចចំណាយពេលវេលា និងថវិកាច្រើន។
ដោយឡែក ក្រុមបច្ចេកទេសខណ្ឌរដ្ឋបាលជលផល ក៏បានត្រៀមផ្ដល់បច្ចេកទេសចិញ្ចឹមត្រី ដល់បងប្អូនផ្នែកវារីវប្បកម្មឱ្យបានច្រើនគ្រួសារ ដើម្បីរួមចំណែកក្នុងការអភិរក្សធនធានមច្ឆជាតិធម្មជាតិ ក្នុងទន្លេមេគង្គ ឱ្យកាន់តែសម្បូរបែប និងកាត់បន្ថយការនេសាទត្រីធម្មជាតិ៕





ដោយ:ឡុង សំបូរ