ប្រជាពលរដ្ឋនៅក្នុង ខណ្ឌទួលគោក សំណូមពរ អាជ្ញាធរ ដោះស្រាយបញ្ហាគម្របលូបាក់នៅផ្លូវ ១៣២ និងសុំបើកផ្លូវ៣២៤ នៅសង្កាត់បឹងសាឡាង
(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញចំនួន២រូប បានសំណូមពរដល់អង្គវេទិកាឲ្យជួយដោះស្រាយបញ្ហាគម្របលូបាក់នៅផ្លូវ១៣២ និងសុំបើកផ្លូវ៣២៤ នៅសង្កាត់បឹងសាឡាង។

ប្រជាពលរដ្ឋសំណូមពរបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌទួលគោក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដមម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ឯកឧត្ដមម៉ប សារិន បាន
មានប្រសាសន៍ថា អាជ្ញាធរនឹងពន្លឿនការដោះស្រាយបញ្ហាទាំងអស់នេះនៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណូមពរដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ។ ចំពោះបញ្ហាណាដែលធំៗពាក់ព័ន្ធជាមួយនឹងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។

លោក ឯក ឃុនដឿន អភិបាលរង រាជធានីរាជធានីភ្នំពេញ មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងប្តេជ្ញាដោះស្រាយតម្រូវការចាំបាច់ជាច្រើនជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោក ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

នៅក្នុងរាជធានីភ្នំពេញយើងមានបញ្ហាធំៗចំនួន៣ គឺបញ្ហាស្ទះចរាចរណ៍ លូ និងបញ្ហាសំរាម ដែលបញ្ហាទាំងនេះអាជ្ញាធរជំរុញការពន្លឿនដោះស្រាយជាអាទិភាពមុនគេ ដើម្បីធានាឱ្យទីក្រុងមានសណ្តាប់ធ្នាប់ និងសោភណភាព បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ឯក ឃុនដឿន បញ្ជាក់ថា ការដោះស្រាយរាល់សំណើនិងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅពេលនេះ គឺជាយន្តការដ៏ល្អរបស់អាជ្ញាធរដែលបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកើតមានឡើងនៅតាមមូលដ្ឋាន។

វេទិកាសាធារណៈនេះ នឹងបន្តរៀបចំនៅតាមបណ្តាខណ្ឌនានាទៀតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាមួយរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ និងផ្តល់ប្រឹក្សាអាទិភាពនៃការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព៕
ដោយ ៖ ហេង សម្បត្តិ
