អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ពីករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច តួនាទី មគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ បានចេញសេចក្តីប្រកាសមួយដោយបានបញ្ជាក់ជុំវិញបញ្ហាពីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច តួនាទី មគ្គុទ្ទេសក៍ទេសចរណ៍។

នៅក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់ថា៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ មគ្គុទ្ទេសក៍ទេសចរណ៍ នៅចំណុចភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៣៦៥ ដ.ច.ន ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមគំនិតក្បត់ ធ្វើសកម្មភាពតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មបច្ចេកវិទ្យា និង ទូរគមនាគមន៍ និងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ។

ប្រភពនេះបានបន្តឱ្យដឹងថា៖ជនសង្ស័យបន្ទាប់មកត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញ សង្គម ផ្សព្វផ្សាយខ្លឹមសារ និងបញ្ចេញមតិយោបល់នៅក្នុងបណ្តាញសង្គមចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា គ្មានមូលដ្ឋាន និងអង្គហេតុច្បាស់លាស់ ដើម្បីបណ្តុះគំនិតជ្រុលនិយមទុច្ចរិត ក្នុងគោលបំណងអូសទាញបំផុសបំផុល ប្រជាពលរដ្ឋ ដែលជឿខ្វះការគិតពិចារណាតាមរយៈការញុះញង់ឱ្យចូលរួមធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ តាមលំនាំប្រទេសនេប៉ាល់ ដែលជាសកម្មភាពប្រព្រឹត្តបទល្មើសខុសច្បាប់មិនស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងដែរថាការឃាត់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ដោយផ្អែកលើអង្គហេតុ អង្គច្បាប់និងភស្តុតាងច្បាស់លាស់ នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធ រឿងនយោបាយនោះឡើយ។ ពោលការអនុវត្តន៍ច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសខុសច្បាប់គឺជាការពង្រឹង នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដែលតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវចូលរួមគោរពច្បាប់ជាធរមាន ។

ជាមួយគ្នានេះអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបដិសេធ និងច្រានចោលចំពោះការ លើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមចោទប្រកាន់មកលើ សមត្ថកិច្ចថាការអនុវត្តន៍ច្បាប់ចំពោះជនសង្ស័យខាងលើជាការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិនិងបំភិតបំភ័យ ផ្នែកនយោបាយ។ ដោយការផ្សព្វផ្សាយចោទប្រកាន់នេះជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនផ្អែកលើអង្គហេតុ អង្គច្បាប់ឱ្យបានត្រឹមត្រូវនោះឡើយ ។

គួរបញ្ជាក់ថាបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner