លោក ត្រាំ ប្រកាសជាផ្លូវការ អំពីដំណើរទៅកាន់ម៉ាឡេស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការ កាលពីថ្ងៃចន្ទ ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងបន្តទៅប្រទេសអាស៊ី ចំនួន២ទៀត រួមមាន ជប៉ុន និង កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ។ លោកក៏បានឆ្លៀតបង្ហើបប្រាប់ អំពីការចង់ធ្វើឲ្យមានទំនាក់ទំនងល្អ ជាមួយប្រទេសចិន ក្នុងបេសកកម្មលើកនេះ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន kyodo នៅថ្ងៃទី២១ ខែតុលា។

សារព័ត៌មានជប៉ុនមួយនេះ បានបន្តថា ថ្វីបើមានភាពតានតឹងពាណិជ្ជកម្មជាថ្មី រវាងសហរដ្ឋអាមេរិក និងចិន ក៏ដោយ លោក Trump បានបង្ហាញនូវសុទិដ្ឋិនិយម ម្តងទៀត មុនពេលមានលទ្ធភាព រៀបចំកិច្ចប្រជុំ ជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅក្នុងប្រទេសកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយ ។ លោក Trump បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅសេតវិមាន ថា «យើងនឹងមានកិច្ចព្រមព្រៀង ដោយយុត្តិធម៌ ខ្ញុំចង់ធ្វើល្អ ជាមួយប្រទេសចិន ខ្ញុំពេញចិត្ត ទំនាក់ទំនង របស់ខ្ញុំ ជាមួយប្រធានាធិបតី Xi»។ លោក Trump បាននិយាយ ម្តងហើយម្តងទៀតថា លោកគ្រោងនឹងធ្វើកិច្ចចរចា មួយទល់នឹងមួយ ជាមួយលោក Xi នៅពេលដែលមេដឹកនាំទាំងពីរ ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅចុងខែតុលា។

ជុំវិញដំណើរទៅកាន់ប្រទេសទាំងនេះ ត្រូវបានគេដឹងថា ជាលើកទីមួយហើយ ដែលលោក Trump បាននិយាយ ជាសាធារណៈ អំពីផែនការនៃដំណើរទាំងនេះ តែ លោកមិនបានបញ្ជាក់លម្អិត បន្ថែមទៀតទេ។

យ៉ាងណា ប្រភពពីរដ្ឋាភិបាលជប៉ុន បាននិយាយថា លោក Trump គ្រោងនឹងធ្វើទស្សនកិច្ច រយៈពេលបីថ្ងៃ ទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៧ ខែតុលា ពោលគឺ បន្ទាប់ពីបានធ្វើដំណើរ ទៅកាន់ប្រទេសម៉ាឡេស៊ី សម្រាប់សន្និសីទថ្នាក់តំបន់ ដាច់ដោយឡែក ដែលពាក់ព័ន្ធនឹងប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយគេដឹងថា ជាកិច្ចប្រជុំកំពូលអាស៊ាន។

យោងតាមប្រភព បានឱ្យដឹងដែរថា បន្ទាប់ពីដំណើរទស្សនកិច្ច នៅប្រទេសជប៉ុន លោក Trump នឹងធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចនៅអាស៊ី នាពេលខាងមុខនេះ នឹងជាដំណើរលើកដំបូង របស់លោក ទៅកាន់តំបន់មួយនេះ ចាប់តាំងពីជាប់ឆ្នោត ឡើងធ្វើជាប្រធានាធិបតីអាមេរិក សម្រាប់ អាណត្តិទីពីរ កាលពីខែមករា៕

ប្រភព៖ kyodo ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner