រុស្ស៊ី ត្អូញត្អែរ ថា សន្តិសុខពិភពលោកប្រឈមនឹងភាពផុយស្រួយបំផុត តាំងពីសង្គ្រាមលោកលើកទី២

មូស្គូ ៖ ប្រមុខចារកម្ម របស់រុស្ស៊ី លោក Sergei Naryshkin នៅថ្ងៃទី២១ ខែតុលានេះ បានត្អូញត្អែរ ថា ពិភពលោកប្រឈមមុខនឹងស្ថានការណ៍សន្តិសុខ ដ៏ផុយស្រួយបំផុត ចាប់តាំងពីសង្គ្រាមលោក លើកទីពីរ មក ហើយ អះអាងថា រុស្ស៊ីមានឆន្ទៈ ក្នុងការសម្របសម្រួល ដើម្បីបញ្ចៀសជម្លោះកម្រិត ពិភពលោក ជាថ្មី នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Straitstimes ។

លោក Sergei Naryshkin បញ្ជាក់ថា ភាពផុយស្រួលនេះ បណ្តាលមកពីការប្រឹងប្រែង យ៉ាងស្វិតស្វាញ រវាងក្រុមមហាអំណាចសកល និងតំបន់ដ៏ធំបំផុត ដើម្បីកំណត់ច្បាប់ នៃ សណ្តាប់ធ្នាប់ពិភពលោក នាពេលអនាគត។ លោកអះអាងថា រុស្ស៊ីចង់ចូលរួម ចែករំលែកភារកិច្ច ដើម្បីធានា ថា នឹងគ្មានសង្រ្គាមដ៏ធំ ដូចដែលបានកើតឡើង នៅដំណាក់កាល ប្រវត្តិសាស្ត្រ ពីមុន។ វិមានក្រឹមឡាំង មើលឃើញថា រដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កំពុងរារាំងដំណើរការសន្តិភាព នៅអ៊ុយក្រែន។ ប៉ុន្តែ គេដឹងថា រុស្ស៊ីបានចាប់ផ្តើមសង្គ្រាម នៅអ៊ុយក្រែន ជាមួយនឹងការលុកលុយពេញប្រទេស ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានកាតា QNA បានចុះផ្សាយដែរថា
ប្រធានសេវាស៊ើបការណ៍បរទេស នៃសហព័ន្ធរុស្ស៊ី រូបនេះ ក៏បាននិយាយពីបណ្តាប្រទេសជាសមាជិក នៃ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ NATO ដែលកំពុងរៀបចំ ធ្វើសង្រ្គាម ជាមួយរុស្ស៊ី។

ថ្លែងនៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាប្រមុខទីភ្នាក់ងារសន្តិសុខ នៅប្រទេសអ៊ូសបេគីស្ថាន លោក Sergei Naryshkin បានរៀបរាប់ថា រុស្ស៊ីបានមើលឃើញពីរបៀប ដែលសម្ព័ន្ធមិត្ត នៅអឺរ៉ុប មួយនេះ កំពុងបង្កើនការផលិត យ៉ាងខ្លាំងនៃទំហំឧស្សាហកម្មយោធា, ការធ្វើលំហាត់ចល័ត និង ការឃោសនាបំផ្លើស អំពីការឈ្លានពាន របស់ទីក្រុងម៉ូស្គូ ដែលចៀសមិនរួច ជាដើម។

លោក Naryshkin បានសង្កត់ធ្ងន់ថា រុស្ស៊ីបានសង្កេតឃើញសកម្មភាព របស់ NATO នៅតាមបណ្តោយព្រំដែន ភាគខាងលិចរបស់ខ្លួន មិនធ្លាប់មាន ពីមុនមក ក្នុងប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ លោកបានសង្កត់ធ្ងន់ថា លោកខាងលិចត្រូវតែបោះបង់ចោល គោលនយោបាយយោធារបស់ ទ្វីប មួយនេះ។

លោកក៏បានចោទប្រកាន់ទីក្រុង Kyiv ពីការមិនអើពើនឹងការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយ រដ្ឋបាលរបស់ លោក ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការចូលរួមពិភាក្សា ក្នុងន័យស្ថាបនា ដើម្បីដោះស្រាយវិបត្តិជម្លោះ នាពេលបច្ចុប្បន្ន៕

ប្រភពពី Straitstimes, QNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner