លោក ក្លែន ន័បឺត ហាន់(Klein Norbert Hans)ជនជាតិអាល្លឹម៉ង់សញ្ជាតិអាល្លឺម៉ង់ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ

(ខេត្ត​កែប)៖​ លោក​ ក្លែន ន័បឺត ហាន់(KLEIN NORBERT HANS)​ ជនជាតិ​អាល្លឺម៉ង់​ សញ្ជាតិ​អាល្លឺម៉ង់​ កេីតនៅថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ​១៩៣៤​ ទីក្រុង​ NOVIVRBAS សាធារណរដ្ឋ​ស៊ែបី​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រាស់បង្គាប់​ ផ្ដល់សញ្ជាតិ​ខ្មែរ​ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បន្ទាប់​ពីរូបលោក​បានកសាងស្នាដៃជាច្រេីនជួយរាជរដ្ឋាភិបាលកម្ពុជា​ និងសង្គមជាតិកម្ពុជា​ អស់​ជា​ច្រើន​ឆ្នាំកន្លងមកនេះ។

ពិធីប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ​ ខាងលេីប្រព្រឹត្តឡេីងនៅសាលាខេត្តកែប​
នាព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២៥ ក្រោមវត្តមាន​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និងជាឧត្ដមប្រឹក្សាផ្ទាល់​ព្រះ​មហាក្សត្រ​ ឯកឧត្តម​បណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​នៃ​គណ:អភិបាល​ខេត្ត​កែប​ រួមជាមួយប្រតិភូអមដំណេីរ​ និងថ្នាក់ដឹកនាំខេត្តជាច្រេីនរូបផងដែរ។

សូមជម្រាបផងដែរថា​ លោក​ ក្លែន ន័បឺត ហាន់(KLEIN NORBERT HANS)​ បច្ចុប្បន្ន​លោកកំពុងរស់នៅភូមិអន្ទង់ស​ ឃុំពងទឹក​ ស្រុកដំណាក់ចង្អេីរ​ ខេត្តកែប​ និងជាម្ចាស់ចំការម្រេចកំពត​(GI) មួយកន្លែង​ផងដែរ៕

ដោយ ៖ សិលា សារិន

ads banner