ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួម បើកសិក្ខាសាលាចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ (CPA3)
(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ នៅសាលាខេត្តកំពង់ចាម។
សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១ និងទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណង នាំយកនូវបទពិសោធ ចែករំលែកគ្នាទៅវិញទៅមក ដើម្បីធ្វើជាមូលដ្ឋានក្នុងការពង្រឹងការគ្រប់គ្រង និងកែលម្អគុណភាពក្នុងការផ្តល់សេវាសាធារណៈ នៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល និងការចង់បានរបស់ប្រជាជនយើង រួមទាំងបានផ្តល់ទស្សនទានថ្មីៗ ការផ្តល់ចំណេះដឹង ការបង្កើតទំនាក់ទំនង និងបទពិសោធល្អៗស្របជាមួយបរិបទ និងស្ថានភាពជាក់ស្តែងថែមទៀតផង។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា បន្ទាប់ពីការដាក់ឲ្យអនុវត្តការវាយតម្លៃរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈឆ្នាំ២០២៤ ខេត្តកំពង់ចាម បានបញ្ជូនបេក្ខភាពមន្ទីរពេទ្យបង្អែកចំនួន ៤ និងសាលារៀនចំនួន ៤ចូលរួមក្នុងការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ក្នុងនោះ មន្ទីរបង្អែកខេត្តកំពង់ចាម ទទួលបានជ័យលាភីអង្គភាពគំរូចំណាត់ថ្នាក់លេខ ១ មន្ទីរពេទ្យបង្អែកស្រុកបាធាយ ទទួលបានជ័យលាភីអង្គភាពគំរូចំណាត់ថ្នាក់លេខ ៤ មន្ទីរពេទ្យបង្អែកស្រុកចំការលើ ទទួលបានជ័យលាភីអង្គភាពគំរូចំណាត់ថ្នាក់លេខ ៨ និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ទទួលបានជ័យលាភីអង្គភាពគំរូចំណាត់ថ្នាក់លេខ ៩ ។ ចំណែកឯ សាលារៀន មិនទាន់បានទទួលជ័យលាភី ជាអង្គភាពគំរូនៅឡើយទេ ។
បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលារួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចុះទស្សនកិច្ចតាមស្តង់ពិព័រណ៍នានា របស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូចំណាត់ថ្នាក់លេខ២ ដល់លេខ១០ ក្នុងវិស័យសុខាភិបាល (CPA3) ឆ្នាំ២០២៤ បានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណទីធ្លាអង្គសិក្ខាសាលាផងដែរ។ លើសពីនេះ នាព្រឹដដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ (CPA3) និងជួបផ្ទាល់ជាមួយ បុគ្គលិក លោកគ្រូអ្នកគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលគាំទ្រមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ផងដែរ ។
សូមជម្រាបថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ កម្រិត២ កម្រិត៣ ទូទាំងប្រទេសផងដែរ ៕
លី ពៅ









