កាកបាទក្រហមកំពង់ធំ ចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋអំពីជំងឺមិនឆ្លង ៤ ប្រភេទធំៗ

(កំពង់ធំ​)៖ នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសរុបចំនួន ៥៣ គ្រួសារ នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ស្តីអំពីវិធានការការពារជំងឺមិនឆ្លង ៤ ប្រភេទធំៗ និងការជួយសង្គ្រោះបឋមជនរងគ្រោះ។

កម្មវិធីនេះ ដឹកនាំដោយលោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជាមួយមន្ត្រីក្រុមប្រតិបត្តិ និងអនុសាខា ដែលបានផ្ដល់ចំណេះដឹងអំពី៖ ការជួយសង្គ្រោះបឋមជនរងគ្រោះស្លាក់ ការជួយសង្គ្រោះជនរងគ្រោះហូរឈាម និងលង់ទឹក
វិធានការការពារជំងឺគ្រុនឈាម និងជំងឺមិនឆ្លងធំៗ ៤ ប្រភេទ
ក្នុងឱកាសនេះ លោកស្រីនាយិការង បានបញ្ជូនសារសំណូមពរផ្ដាំផ្ញើ និងសួរសុខទុក្ខពីចម្ងាយ តាមសាររបស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកស្រី ឡេង សុឃីម បានបង្ហាញថា គោលបំណងនៃការផ្សព្វផ្សាយនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋមានចំណេះដឹង និងការយកចិត្តទុកដាក់លើជំងឺឆ្លង និងមិនឆ្លង ដែលកម្ពុជាកំពុងប្រឈមជាបន្តបន្ទាប់ ដូចជា ជំងឺកូវីដ-១៩ អេដស៍ និងរបេង។

សម្រាប់ជំងឺមិនឆ្លង ៤ ប្រភេទធំៗ រួមមាន៖
ជំងឺមហារីក
ជំងឺទឹកនោមផ្អែម
ជំងឺលើសឈាម
ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ

លោកស្រីបានលើកឡើងថា ជំងឺទាំងនេះកើតឡើងដោយសាររបបអាហារមិនត្រឹមត្រូវ ដូចជា ការបរិភោគអាហារផ្អែម ប្រៃ និងខ្លាញ់លើសកម្រិត ហើយស្របតាមស្លោក “ស្រឡាញ់ខ្លួនឯង ឱ្យស្ងួនចំណី”។
ក្រៅពីនេះ លោកស្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន ដោយកាត់បន្ថយការប្រើថង់ប្លាស្ទិក ដាំដើមឈើនៅតាមទីសាធារណៈ និងជៀសវាងការដុត ឬកប់សំបកដបជ័រក្នុងដី។

ក្នុងកម្មវិធីនេះ ក៏បានផ្សព្វផ្សាយបន្ថែមអំពីការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ការជួយសង្គ្រោះបឋមជនរងគ្រោះ ការការពារជំងឺគ្រុនឈាម និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ ៕

ដោយ​ ៖ ប៊ុន​ រដ្ឋា

ads banner