ចង់គប្បីនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវតែថែរក្សា និងការពារសុខសន្តិភាពឱ្យបាន
ភ្នំពេញ៖ ខុសគ្នាតែមួយថ្ងៃ កាលពី៣៤ឆ្នាំមុន ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ គឺជាថ្ងៃពុធ ខណៈថ្ងៃ២៣ តុលា ឆ្នាំ២០២៥នេះជាថ្ងៃ ព្រហស្បតិ៍ ។ ថ្ងៃទីទី២៣ ខែតុលា ជាទិវាមួយដែលប្រជាជន កម្ពុជា ទាំងក្នុង និងក្រៅប្រទេសចងចាំបានយ៉ាងច្បាស់ថា ជាថ្ងៃប្រវត្តិសាស្រ្ត នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលមានព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងប្រទេសជាច្រើន ក្នុងនោះមានប្រទេសមហាអំណាចផង បានចូលរួមជាហត្ថលេខី។
ជាការកត់សម្គាល់ដល់ថ្ងៃ២៣តុលា តែងតែមានអ្នកនយោបាយ អ្នកវិភាគ”ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី”ខ្លះពិសេសដែលកំពុងរស់នៅក្រៅប្រទេស ពីមុនក៏ដូចជាបច្ចុប្បន្នតែងតែធ្វើការបកស្រាយ ,វិភាគដោយសម្លឹងទៅរកជ្រុងជ្រោយអវិជ្ជមានជាជាងនិយាយពីភាពវិជ្ជមាន ការវិវឌ្ឍ វឌ្ឍនភាពទាំងឡាយនៅកម្ពុជា។
ពិតណាស់ជាសារវន្ត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាជាគ្រឹះសម្រាប់សន្តិភាព និងការអភិវឌ្ឍ ដោយសារតែបានបញ្ចប់ជម្លោះរវាងក្រុមនយោបាយនៅកម្ពុជា បើទោះជាលទ្ធផលអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC)ពុំបានបញ្ចប់សង្រ្គាមផ្ទៃក្នុងកម្ពុជាដូចអ្វីដែលកិច្ចព្រមព្រៀងសន្តិភាពប្រាថ្នាចង់បានក៏ដោយ ។ជាសច្ចធម៌ សន្តិភាពដ៏ពេញលេញបានកើតឡើងដោយនយោបាយ ឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន រយៈពេល៥ឆ្នាំក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ដែលរៀបចំដោយអ៊ុនតាក់ ។
ដោយពុំចាំបាច់ពណ៌នាវែងឆ្ងាយយើងគ្រាន់សូមបង្ហាញនូវសមិទ្ធផលជ្រុងមួយតូចដែលសម្រេចបាន៣៤ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា។
ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញបន្ទាប់ពីមានការបោះឆ្នោតសកលលើកដំបូងរៀបចំដោយអ៊ុនតាក់នាឆ្នាំ១៩៩៣ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រយ៉ាងទៀងទាត់ក្នុងរយៈពេល៥ឆ្នាំម្តង ។គិតត្រឹមឆ្នាំ២០២៣ កម្ពុជាបានរៀបចំការបោះឆ្នោតចំនួន ៧លើក ចំនួន៧អាណត្តិ ប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងអាចទទួលយកបាន ។ការបោះឆ្នោតបានប្រព្រឹត្តទៅក្រោមការឃ្លាំមើលពីយ៉ាងយកចិត្តទុកដាក់ពីអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកជំនាញខាងការបោះឆ្នោត អ្នកសង្កេតការណ៍នៃបក្សនយោបាយនានាជាតិនិងអន្តរជាតិ។
ជាមួយគ្នានេះការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដោយអសកល ក៏ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់៦ឆ្នាំម្តង។គិតត្រឹមឆ្នាំ២០២៥ បន្ទាប់ពីការបង្កើតព្រឹទ្ធសភានាឆ្នាំ១៩៩៩ កម្ពុជាបានដំណើរការបោះឆ្នោតចំនួន៥លើក ៥អាណត្តិ រួចមកហើយ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានដំណើររៀងរាល់៥ ឆ្នាំម្តង ក៏បានរៀបចំចំនួន៥លើក ៥អាណត្តិដូចគ្នា ចាប់តាំងពីការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ២០០២ ។
ដំណើរការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលប្រព្រឹត្តទៅជាទៀងទាត់ដោយមានចូលរួមពីគណបក្សនយោបាយនានា បានបង្ហាញយ៉ាងច្បាស់ពីលំហនៃការអនុវត្តសិទ្ធសេរីភាព សិទ្ធនយោបាយ ពោលគឺការលើកកម្ពស់សិទ្ធនៃការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស ។
ទោះជាមានការប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ,បញ្ហាព្រំដែនជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិកក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាមានភាពធន់ ដោយសារការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។
រយៈពេល ៩ខែឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៥៤៦គម្រោង កើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣ភាគរយ ក្នុងទុនវិនិយោគប្រមាណ ៧,៨ពាន់លានដុល្លារ កើនឡើងប្រមាណ ២,៥ពាន់លានដុល្លារស្មើនឹងប្រមាណ ៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ដោយឡែកសម្រាប់ខែកញ្ញា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៥៥គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤៦៧លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ៣៧ពាន់កន្លែង។
រយៈពេល៩ខែដូចគ្នានេះដែរ ទំហំពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជាសម្រេចបានមានទំហំទឹកប្រាក់សរុបជិត ៤៨ ពាន់ លានដុល្លារអាម៉េរិកកើនឡើងជិត ១៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ កើនឡើងជិត ១៣ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់សរុបជិត ២៤ ពាន់លានដុល្លារ កើនឡើងជាង ១៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។
ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នៅក្នុងរយៈពេល ៩ ខែ មានទំហំទឹកប្រាក់សរុបជាង ៩ ៥៦០ លានដុល្លារកើនឡើងជាង ២២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញទៅអាម៉េរិកមានទឹកប្រាក់ជិត ៩ ៣០០ លានដុល្លារកើនឡើង ២២ ភាគរយ ខណៈការចូលពីអាម៉េរិកមកកម្ពុជាវិញមានទឹកប្រាក់ជាង ២៧៣ លានដុល្លារកើនឡើងជិត ៤៧ ភាគរយ។
លើសពីនេះទាក់ទងនឹងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានសម្រេចបន្ថែម ២ដុល្លារអាម៉េរិកលើតួលេខ ២០៨ដុល្លាររបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ដុល្លារក្នុងមួយខែ ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦តទៅ។នេះមិនទាន់និយាយដល់អត្ថបប្រយោជន៍សង្គមនានាដែលផ្តល់ដោយរដ្ឋទៀតផង។
ពីរឆ្នាំចុងក្រោយកម្ពុជាបានកសាងសមិទ្ធផលជាប្រវត្តិសាស្រ្តធំ២បន្ថែមទៀត គឺដំណើរការកសាងព្រែកជីកហ្វូណនតេជោ ភ្ជាប់ពីទន្លេទៅកាន់សមុទ្រដោយឆ្លងកាត់ខេត្តចំនួន៤ប្រវែងជាង១៨០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានកាលពីថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ ។ព្រែកជីកហ្វូណនតេជោបានផ្តល់គុណប្រយោជន៍ដ៏មហិមាសម្រាប់ប្រទេសនិងប្រជាជនកម្ពុជាតជំនាន់ បន្ទាប់ពីការដ្ឋាននេះបញ្ចប់ ។
សមិទ្ធិមួយទៀតពុំធ្លាប់មាន កាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ”។ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F ដោយចំណាយទុនវិនិយោគសរុប ២.៣០០ លានដុល្លារអាម៉េរិក និងបានសាងសង់នៅលើផ្ទៃដីសរុប ទំហំ ២.៦០០ ហិកតា។
អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព។នេះជាសមិទ្ធផលថ្មីមួយទៀតដែលជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននិងតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូបនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា។
ខាងលើគ្រាន់តែជាការច្បិចនូវចំណែកសមិទ្ធផលមួយតូចក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១តែប៉ុណ្ណោះ។ សួរថា អ្វីដែលប្រជាជនកម្ពុជាកំពុងទទួលបាន ,តើការអភិវឌ្ឍ វឌ្ឍនភាព ការវិវត្តរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងសមិទ្ធផលនានាជាច្រើន ក្នុងនោះរាប់កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិផង តើសម្រេចបានដោយសារអ្វី?។
ចម្លើយសង្ខេបយ៉ាងខ្លី នេះមិនមែនកើតឡើងដោយការជប់ដូចក្នុងរឿងព្រងនិទានទេ តែច្បាស់ណាស់ថា កើតឡើងដោយសារមានការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងលើសពីនេះ គឺកក្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ។
រាល់ការកើតឡើងទាំងអស់នៅលើទឹកកម្ពុជា នឹងមិនអាចកើតឡើងបានឡើយល្គឹកណាពុំមានកក្តាខាងលើ ។ដូចនេះគ្រប់គ្រាន់សម្រាប់ការឆ្លុះបញ្ចាំងត្រឡប់ទៅរកលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ពិសេសអ្នកនយោបាយ អ្នកវិភាគស៊ីពេ ២៣តុលា និយាយរត់មាត់ដដែលៗរាល់ឆ្នាំ ដោយទុទិដ្ឋិនិយម។
ប្រសិនជាយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍២៣ តុលាដោយសុទ្ធចិត្ត ពិតប្រាកដមែន និងដើម្បីគប្បីចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមានតែការរួមសាមគ្គីគ្នា ឯកភាពគ្នាជាធ្លុងរវាងប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈនៃសង្គមទាំងអស់ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ រួមគ្នាប្ដេជ្ញាថែរក្សា និងការពារយ៉ាងម៉ឹងម៉ាត់ប្តូរផ្ដាច់នូវសុខសន្តិភាព ស្ថិរភាព ដែលរកបានដោយលំបាកឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ៖មុនី
