OpenAI ដំណើរការកម្មវិធី ChatGPT Atlas ប្រជែង Google Chrome

បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI កាលពីថ្ងៃអង្គារ បានបើកដំណើរការ កម្មវិធីរុកររក គេហទំព័រថ្មី ChatGPT Atlas ដំណើរការដោយបញ្ញាសិប្បនិម្មិត ដែលត្រូវបានរចនាឡើង ជាមួយនឹង AI chatbot ដ៏ពេញនិយមរបស់ខ្លួន ដើម្បីប្រកួតប្រជែង ជាមួយនឹង Google Chrome នៅលើទីផ្សារកម្មវិធី រុករក សកលលោក។

ជាការកត់សម្គាល់ បន្ទាប់ពីការប្រកាសឲ្យដំណើរការ ChatGPT Atlas ភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេ របស់ Google និង ជាម្ចាស់របស់ Chrome បានធ្លាក់ចុះ ១.៦ភាគរយ នៅក្នុងការជួញដូរ ពេលរសៀល។

ទីភ្នាក់ងារព័ត៌មាន CNA បានចេញ នៅថ្ងៃទី២២ ខែតុលានេះថា
ChatGPT Atlas ចូលរួមនឹងភាពរីកចម្រើន នៃ កម្មវិធីរុករកតាមអ៊ីនធឺណិត ឬ web browser ដែលពង្រឹងដោយ AI រួមមាន Perplexity’s Comet និង Opera’s Neon ខណៈដែលក្រុមហ៊ុនកំពុងប្រកួតប្រជែង ដើម្បីបង្កប់ឧបករណ៍ ដែលអាចសង្ខេបអត្ថបទរបស់គេហទំព័រនានា, បំពេញទម្រង់ និង សរសេរកូដ។

កម្មវិធីរុករកបណ្តាញថ្មីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចបើក របារចំហៀង ChatGPT ណាមួយ ដើម្បីសង្ខេបមាតិកា, ប្រៀបធៀបផលិតផល ឬ វិភាគទិន្នន័យពីគេហទំព័រ។ ChatGPT Atlas អាចធ្វើអន្តរកម្មដោយផ្ទាល់ ជាមួយទំព័រនានា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បំពេញកិច្ចការច្រើនជំហាន ដូចជា ការធ្វើផែនការធ្វើដំណើរ ឬ ទិញទំនិញ តាមអ៊ីនធឺណិត។

នៅទូទាំងពិភពលោក បច្ចុប្បន្ន កម្មវិធីរុករក ChatGPT Atlas មានតែនៅលើ macOS របស់ Apple ហើយនឹងដាក់ឱ្យប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ សម្រាប់ឧបករណ៍ Windows, iOS និង Android ។

ដឹកនាំដោយសហគ្រិន Sam Altman, ក្រុមហ៊ុន OpenAI កំពុងធ្វើបដិវត្តឧស្សាហកម្មបច្ចេកវិទ្យា ជាមួយនឹងការចេញដំណើរការ ChatGPT នៅចុងឆ្នាំ 2022។ តែ បន្ទាប់ពីការរីកចម្រើនយ៉ាងខ្លាំង របស់ខ្លួន ក្រុមហ៊ុនបានប្រឈមមុខនឹងការប្រកួតប្រជែង កាន់តែខ្លាំងឡើង ពីក្រុមហ៊ុន Google និង ក្រុមហ៊ុន AI startup ឈ្មោះ Anthropic ហើយឥឡូវនេះ កំពុងស្វែងរកផ្នែកថ្មីៗ សម្រាប់ការពង្រីកភាពប្រកួតប្រជែង។

ជាការកត់សម្គាល់ កាលពីខែមុន ក្រុមហ៊ុន Google បានដាក់បញ្ចូលជំនួយការ Gemini AI របស់ខ្លួន ទៅក្នុង Chrome សម្រាប់អ្នកប្រើប្រាស់អាមេរិក ដោយមានគម្រោងពង្រីកមុខងារនេះ ទៅកម្មវិធី iOS Chrome ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner