ឯកឧត្តម ហេង សួរ អញ្ជើញបើកកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប
(សៀមរាប)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ (21st SLOM) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារEmpress resort Angkor ខេត្តសៀមរាប។ នេះជាលើកទីពីរ ដែលកម្ពុជាបានទទួលកិត្តិយសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំដ៏សំខាន់នេះ បន្ទាប់ពីលើកដំបូងកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំមានគោលបំណងបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមគ្នារបស់អាស៊ាន ក្នុងការពង្រឹងកម្លាំងពលកម្មឲ្យប្រកបដោយបរិយាបន្ន ចីរភាព ភាពធន់ និងការត្រៀមខ្លួនសម្រាប់អនាគត។
ឯកឧត្តម រដ្ឋមន្ត្រី បានអបអរសាទរដល់ លោកជំទាវ Joan Moh អនុរដ្ឋលេខាធិការក្រសួងហត្ថពលកម្មនៃប្រទេសសិង្ហបុរី និងជាតំណាងប្រធានប្តូរវេនឧត្តមមន្ត្រីការងារអាស៊ាន សម្រាប់ឆ្នាំ២០២៤–២០២៦ ក្នុងឱកាសធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ (28th ALMM) និងកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២០ និង២១ (20th & 21st SLOM)។
កិច្ចប្រជុំនេះផ្តោតលើការពិនិត្យវឌ្ឍនភាពនៃស្ថាប័នក្រោមវិស័យ SLOM ជាពិសេសផ្នែកទីផ្សារការងារ ការអភិវឌ្ឍកម្លាំងពលកម្ម ចល័តភាពកម្លាំងពលកម្ម សុវត្ថិភាព និងសុខភាពការងារ។ ក៏ដូចជាការកំណត់ទិសដៅអនាគត ដើម្បីធានាថា អាស៊ានអាចបន្តឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន និងលើកកម្ពស់នវានុវត្តន៍ ការរួមបញ្ចូល និងចីរភាព (Strengthening Resilience and Promoting Innovation; Inclusivity and Sustainability)។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលឧត្តមមន្ត្រីការងារអាស៊ានបានសម្រេច ដោយអនុម័តឯកសារសំខាន់ចំនួនបី៖
សេចក្ដីប្រកាសរួមរបស់រដ្ឋមន្ត្រីការងារអាស៊ាន ស្ដីពី ការអភិវឌ្ឍជំនាញសម្រាប់កម្លាំងពលកម្មនាពេលអនាគត ដើម្បីគាំទ្រកម្មវិធី ASEAN Year of Skills 2025។ ផែនការសកម្មភាពសម្រាប់ការងារបៃតង ឆ្ពោះទៅកម្លាំងពលកម្មអាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន។ ផែនទីបង្ហាញផ្លូវអាស៊ានស្ដីពីការលុបបំបាត់ពលកម្មកុមារ នៅត្រឹមឆ្នាំ២០២៣៥។
ឯកសារទាំងនេះបញ្ជាក់ពីការប្តេជ្ញារួមរបស់អាស៊ាន ក្នុងការលើកកម្ពស់យុត្តិធម៌សង្គម ពង្រឹងជំនាញឌីជីថលនិងបៃតង ផ្តល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម បង្កើនចល័តភាពពលកម្ម និងលុបបំបាត់ពលកម្មកុមារ តាមរយៈការទប់ស្កាត់ ការអប់រំ និងការគាំពារសង្គម។
អាស៊ានក៏បានបន្តអភិវឌ្ឍសូចនាករគន្លឹះសម្រាប់គម្រោង ផែនការការងាររដ្ឋមន្ត្រីការងារអាស៊ានឆ្នាំ២០២៦–២០៣០ ព្រមជាមួយផែនការសកម្មភាពនៃស្ថាប័នជាប់ពាក់ព័ន្ធ ដើម្បីគាំទ្រវិស័យការងារ។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះពិភពលោកកំពុងឆ្ពោះទៅកាន់បរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ការងារបៃតង និងចល័តភាពទេសន្តរប្រវេសន៍ ដែលផ្តល់ឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍន៍ និងនវានុវត្តន៍ ប៉ុន្តែជាមួយនឹងបញ្ហាប្រឈមជាច្រើនដែរ។ ដោយឡែក គំនិតផ្តួចផ្តើមសម្រាប់ឆ្លើយតបនឹងឱកាសការងារ ការពង្រីកសន្តិសុខសង្គម និងការបិទគម្លាតជំនាញ ត្រូវបានលើកឡើងថា ជាកត្តាចាំបាច់សម្រាប់អនុវត្តគម្រោងអាស៊ានឲ្យទទួលជោគជ័យ។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជា ដែលប្តេជ្ញារក្សាការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកល ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍រួមគ្នា ៕
ដោយ ៖ ប៊ុន រដ្ឋា




