ឯកឧត្តម ខៀវ បូរិន្ទ កោតសរសើរមន្ទីររៀបចំដែនដីកំពង់ធំ ចំពោះលទ្ធផលវាស់វែងដីធ្លីឆាប់រហ័សជូនប្រជាពលរដ្ឋ

(កំពង់ធំ)៖ ឯកឧត្តម ខៀវ បូរិន្ទ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់មន្ត្រីរាជការមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ ដែលបានអនុវត្តការងារចុះវាស់វែងដីធ្លីបានច្រើន និងឆាប់រហ័ស ដើម្បីជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម បានថ្លែងអំពីការកោតសរសើរនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥។

ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរផ្សេងៗ អភិបាលក្រុង ស្រុក មេឃុំ និងចៅសង្កាត់ជាច្រើនរូប។

ឯកឧត្តម ខៀវ បូរិន្ទ បានសរសើរជាថ្មីចំពោះក្រុមការងារមន្ទីរ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការអនុវត្តភារកិច្ច ដើម្បីសម្រេចគោលនយោបាយ និងបេសកកម្មរបស់ក្រសួង។ ព្រមទាំងលើកទឹកចិត្តឲ្យមន្ត្រីបន្តយកចិត្តទុកដាក់តាមដានការងារចុះបញ្ជីដីធ្លីឲ្យបានជាប្រព័ន្ធ បញ្ចប់តាមផែនការ និងចូលរួមដោះស្រាយវិវាទដីធ្លី តាមយន្តការគណៈកម្មាធិការសុរិយោដីឲ្យបានប្រសើរឡើងជានិច្ច។

ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ ក៏បានវាយតម្លៃខ្ពស់ដែរ ចំពោះលទ្ធផលការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានរក្សាការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសក្នុងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ការផ្តល់សេវាតាមប្រព័ន្ធអនឡាញ ការងារចុះបញ្ជីដីធ្លី ការរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន។

បើយោងតាមរបាយការណ៍របស់លោក អឹម សុឌីណា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ បានឲ្យដឹងថា៖

១. ការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ (តំបន់១)
វាស់វែងបានចំនួន ២៦០,០៣១ ក្បាលដី
ប្រមូលទិន្នន័យបាន ១០៣,៣៩៩ ក្បាលដី
បញ្ចូលទិន្នន័យបាន ២៥,៣៩៤ ក្បាលដី
គូសផែនទីបាន ១១៣,៦៣០ ក្បាលដី
ប្រកាសតំបន់វិនិច្ឆ័យបាន ៣៧៩ ភូមិ
ចេញប័ណ្ណកម្មសិទ្ធិដីបាន ៣៥ ភូមិ (៣៤,៩៩៤ ប័ណ្ណ)

២. ការងារចុះបញ្ជីដីធ្លីប្រព័ន្ធ (តំបន់២)
វាស់វែងបាន ២៥,២៨០ ក្បាលដី (៧០ ភូមិ)
បិទផ្សាយបាន ១២,៦២៦ ក្បាលដី (៤៦ ភូមិ)

៣. ការងារចុះបញ្ជីដីធ្លីដាច់ដោយដុំ និងបន្តបញ្ជី
បញ្ជីផ្ទេរសិទ្ធិ ៣,១៥៧ ប័ណ្ណ
បង្កើតហ៊ីប៉ូតែក ១,០៩៧ ប័ណ្ណ
បញ្ជីដាច់ដោយដុំ ២៤ ប័ណ្ណ

៤. ការងារចុះបញ្ជីដីរដ្ឋ និងដីសម្បទានសេដ្ឋកិច្ច
ចុះបញ្ជីជូនក្រុមហ៊ុន ២ ក្រុមហ៊ុន (៣១ ប័ណ្ណ)
លើផ្ទៃដីសរុប ៧,១៤២.៥៣ ហិកតា ៕

ដោយ​ ៖ ប៊ុន រដ្ឋា

ads banner