តួកគីចែចូវទិញយន្តហោះចម្បាំង Eurofighter ពីកាតា

អ៊ីស្តង់ប៊ុល ៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នឹងធ្វើដំណើរទៅដល់ទីក្រុងដូហ្កា នៅល្ងាចថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ខណៈតួកគីមានបំណងចែចូវចង់ទិញយន្តហោះចម្បាំង Eurofighter Typhoon របស់ប្រទេសកាតាមួយចំនួន។ នេះបើយោងតាមការបញ្ជាក់ពីប្រភពសន្តិសុខតួកគី។

ប្រភពមិនបញ្ចេញឈ្មោះបានឱ្យដឹងថា តួកគីកំពុងព្យាយាមចរចារ ដើម្បីទទួលបានយន្តហោះចម្បាំង Eurofighters មួយចំនួនរបស់ប្រទេសកាតា ជាថ្នូរនឹងការដោះដូរជាមួយយន្តហោះចម្បាំងជំនាន់ថ្មី Kaan របស់តួកគី។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ ការចរចានៅតែបន្ត ហើយមិនទាន់មានលទ្ធផលជាផ្លែផ្កានៅឡើយទេ។

តួកគីចង់ធ្វើទំនើបកម្មកម្លាំងទ័ពអាកាសរបស់ខ្លួន ហើយក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានស្វែងរកទិញយន្តហោះចម្បាំង Eurofighter Typhoons ថ្មីចំនួន ៤០ គ្រឿង ដែលផលិតដោយសម្ព័ន្ធប្រទេសចំនួន៤ រួមមានអាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី។

ហើយគោលបំណងដោះដូរយន្តហោះចម្បាំងគ្នារវាងតួកគី-កាតា កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដកតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ខ្លួនក្នុងឆ្នាំ ២០១៩ ជុំវិញការបញ្ជាទិញប្រព័ន្ធខែលការពារមីស៊ីលបាញ់ចេញពីដីទៅអាកាស S-400 របស់រុស្ស៊ី។

សូមបញ្ជាក់ថា Eurofighter Typhoon គឺជាយន្តហោះចម្បាំងដ៏ទំនើបជំនាន់ទី៤ និងត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Airbus, ក្រុមហ៊ុន BAE Systems និងក្រុមហ៊ុន Leonardo។ វាត្រូវបានបំពាក់ដោយមុខងារទំនើបៗ ប្រព័ន្ធការពារដ៏ខ្លាំង និងសមត្ថភាពដ៏ល្អក្នុងពេលប្រតិបត្តិការ។

យន្តហោះចម្បាំង Eurofighter Typhoon ត្រូវបានបំពាក់ដោយម៉ាស៊ីន Eurojet EJ200។ វាមានល្បឿន ២,១២៤គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចធ្វើដំណើរបាន ៣,៧៩១គីឡូម៉ែត្រ។ Eurofighter Typhoon អាចហោះបានកម្ពស់ជាង ១៩គីឡូម៉ែត្រ និងមួយគ្រឿងមានតម្លៃជាង ១២៤លានដុល្លារ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner