រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាព
ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ភាគីកម្ពុជានិងភាគីថៃនឹងរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបន្តថា កម្ពុជារំពឹងយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការស្ថាបនា និងប្រកបដោយសុឆន្ទៈខ្ពស់លើបញ្ហាអាទិភាពទាំងឡាយ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធាធុនធ្ងន់ ដែលត្រូវអនុវត្តនៅក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ចំពោះបញ្ហាផ្សេងទៀតដូចជាការដោះមីនមនុស្សធម៌, កិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សង្ឃឹមថា កិច្ចពិភាក្សារវាងភាគីទាំងពីរនឹងទទួលបានលទ្ធផលជាវិជ្ជមាន។ ក្នុងន័យនេះ កម្ពុជាជឿជាក់ថាកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕
ដោយ៖ពលជ័យ




