លោកស្រី Paetongtarn លាលែងពីតំណែងជាមេដឹកនាំបក្សភឿថៃផ្លូវការ
បាងកក ៖ ទីបំផុត អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានប្រកាសជាផ្លូវការ អំពីការលាលែងពីតំណែងជាមេដឹកនាំគណបក្សភឿថៃ នៅព្រឹកថ្ងៃពុធនេះ។
ការលាលែងពីតំណែងនេះ កើតឡើងក្រោយតុលាការធម្មនុញ្ញថៃបានរកឃើញកំហុសថា លោកស្រីបានបំពានក្រមសីលធម៌ធ្ងន់ធ្ងរកាលពីថ្ងៃទី២៩ ខែសីហាឆ្នាំនេះ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ទើបឈានដល់ការដកលោកស្រីពីតំណែងនាយករដ្ឋមន្រ្តីថៃ។
ជាមួយគ្នានេះ លោកស្រី Paetongtarn និយាយថា ថ្ងៃនេះ លោកស្រីបានសម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ ដោយមានបំណងថា នេះជាការចាប់ផ្តើមនៃការផ្លាស់ប្តូរគណបក្សភឿថៃ។ លោកស្រីថា ការសម្រេចចិត្តនេះដែរ ក៏ជាចក្ខុវិស័យថ្មី និងភាពក្លាហានក្នុងការផ្លាស់ប្តូរ ដើម្បីប្រជាជន។
ទោះបីជាលោកស្រី Paetongtarn លាលែងពីតំណែងក៏ដោយ ក៏លោកស្រីនៅតែជាសមាជិកនៃគណបក្សភឿថៃ ដែលជាប្រធាននៃគ្រួសារភឿថៃ ហើយនឹងចូលរួមជាមួយគ្នា ក្នុងការបង្កើតគណបក្សភឿថៃសម័យថ្មី ដែលត្រៀមខ្លួនជាស្រេចដើម្បីឈរជាមួយប្រជាជន និងធ្វើការយ៉ាងរឹងមាំសម្រាប់ប្រទេសថៃ៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា