អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា៖ សន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែមានភាពផុយស្រួយ ខណៈទាហានកម្ពុជា១៨នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ
(ហ្សឺណែវ-ស្វីស)៖ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីក្តីព្រួយបារម្ភ ចំពោះសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែមានភាពផុយស្រួយ។ ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និងការគំរាមកំហែងបណ្តេញចេញ ខណៈដែលទាហានកម្ពុជា១៨នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣។
ការលើកឡើងបែបនេះរបស់ឯកឧត្តម អ៊ុច បូររិទ្ធ បានធ្វើឡើងនៅឱកាសអញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភា(IPU) ទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមប្រធានបទដ៏មានសារៈសំខាន់ស្ដីពី «ការលើកកម្ពស់បទដ្ឋានមនុស្សធម៌ និងការគាំទ្រសកម្មភាពមនុស្សធម៌ក្នុងពេលមានវិបត្តិ»។
ឯកឧត្តម អ៊ុច បូររិទ្ធ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងដូច្នេះថា «ទោះបីជាសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ សន្តិភាពនៅតាមបណ្តោយព្រំដែនរួមរបស់យើងនៅតែមានភាពផុយស្រួយ។ ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និងការគំរាមកំហែងបណ្តេញចេញ ខណៈដែលទាហានកម្ពុជា ១៨នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣។ អ្វីដែលគួរឱ្យព្រួយបារម្ភដែរនោះគឺ របាយការណ៍ស្តីពីការបំភិតបំភ័យផ្លូវចិត្ត ដូចជាការចាក់បន្លឺសំឡេងខ្មោច និងសំឡេងស្រែកត្រហូរយំនៅពេលយប់ គឺជាការធ្វើទារុណកម្មដល់សហគមន៍ដែលកំពុងរស់នៅក្នុងភាពភ័យខ្លាចរួចទៅហើយ»។
ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា កម្ពុជាជាប្រជាជាតិដែល “បានរងទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាល” ហើយ “ស្រឡាញ់និងការពារសុខសន្តិភាព” ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ។ កម្ពុជា “គ្មានបំណងចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ ជាពិសេសថៃ” ប៉ុន្តែ “ដើម្បីការពិត យើងខ្ញុំមានភាពចាំបាច់ត្រូវធ្វើការឆ្លើយតប” ។
ឯកឧត្តមអនុប្រធានទី១ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រំដែនរវាងប្រទេសទាំងពីរ “មិនមែនមិនទាន់បានកំណត់នោះទេ” តែមានមូលដ្ឋានក្នុង “លិខិតុបករណ៍អន្តរជាតិដែលចងកាតព្វកិច្ចអនុវត្ត” រួមទាំងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញា ឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធ ដែលត្រូវបានបញ្ជាក់អះអាងឡើងវិញដោយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ជម្លោះកើតឡើង “កើតចេញពីការមិនគោរពលិខិតុបករណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះ” ។
ការលើកឡើងអំពី «ការធ្វើយោធូបនីយកម្ម» របស់កម្ពុជា លើតំបន់បេតិកភណ្ឌពិភពលោក ពីសំណាក់ភាគីថៃ, ត្រូវបានឯកឧត្តម អ៊ុច បូររិទ្ធ គូសបញ្ជាក់ថា គឺគ្មានមូលដ្ឋានទាល់តែសោះ។ កម្ពុជាបានការពារប្រាសាទព្រះវិហារ មិនមែនតាមរយៈការប្រើអាវុធនោះទេ ប៉ុន្តែ តាមរយៈភាពជាបេតិកភណ្ឌ ច្បាប់ និងការអត់ធ្មត់។ តាមពិតទៅ គឺការប្រើប្រាស់ការទម្លាក់គ្រាប់បែកនេះហើយ ដែលបានគំរាមកំហែងដល់ថ្ម និងព្រលឹងនៃប្រាសាទ។ ប្រាសាទមិនមែនគ្រាន់តែជាកេរតំណែលពីអតីតកាលប៉ុណ្ណោះទេ តែវាបង្កប់នូវការចងចាំ អត្តសញ្ញាណ និងដួងព្រលឹងនៃប្រជាជាតិ។ ការធ្វើឱ្យប៉ះពាល់ដល់បេតិកភណ្ឌទាំងនេះ គឺធ្វើឱ្យរបួសដល់មនុស្សជាតិទាំងមូល។
ឯកឧត្តមបានបន្ថែមថា «ឥរិយាបថរបស់យើងត្រូវបានដឹកនាំដោយគោលការណ៍ មិនមែនដោយការឃោសនាឡើយ។ យើងដឹកនាំដោយច្បាប់ មិនមែនដោយមហិច្ឆតាឡើយ។
ឯកឧត្តម ក៏បានហៅការចោទប្រកាន់ពីការដាក់គ្រាប់មីនថ្មីថា “ទាំងគ្មានមូលដ្ឋាន និងទាំងមិនអាចកើតឡើង” ដោយគូសបញ្ជាក់ពីកំណត់ត្រារបស់កម្ពុជាដែលបាន “បំផ្លាញគ្រាប់មីនជាងបីលានគ្រាប់” និងជា “អ្នកតស៊ូមតិនាំមុខគេក្នុងការដោះមីន ក្រោមអនុសញ្ញាអូតាវ៉ា” ។
ឯកឧត្តមអនុប្រធានទី១ បានអះអាងនូវជំហរ “ឥតងាករេ” របស់កម្ពុជា ដែលជឿជាក់ថា “ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ” ។ “ការពិត និងតម្លាភាព” គឺចាំបាច់ដើម្បីស្តារទំនុកចិត្ត។ ឯកឧត្តមបានបញ្ចប់ដោយសារយ៉ាងច្បាស់លាស់ថា “បទដ្ឋានមនុស្សធម៌ មិនអាចចរចាបានទេ។ សកម្មភាពមនុស្សធម៌ មិនត្រូវរងការរារាំងជាដាច់ខាត ហើយការពិតត្រូវតែឈ្នះលើព័ត៌មានមិនពិត” ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកព្រឹទ្ធសភា



