កម្ពុជា-ហ្សកហ្ស៊ី ប្តេជ្ញារួមគ្នាជំរុញមិត្តភាព ស្ថិរភាព និងវិបុលភាព តាមរយៈការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដើម្បីជំរុញការអភិវឌ្ឍន៍រួមគ្នា
(ភ្នំពេញ)៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានប្រាប់ ឯកអគ្គរដ្ឋទូតថ្មីហ្សកហ្ស៊ី ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ថា ទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជា និងហ្សកស៊ី រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ មានភាពល្អប្រសើរជាលំដាប់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ។
ការថ្លែងរបស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប៊ុលហ្ការីនេះ បានធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តមទទួលជួបសម្ដែងការគួរសម ជាមួយ អគ្គរដ្ឋទូតថ្មី ហ្សកហ្ស៊ី លោក Zurab Khamashuridze នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នាស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុង Sofia សាធារណរដ្ឋប៊ុលហ្គារី ក្នុងគោលបំណងដើម្បីបង្កើនមិត្តភាព និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យជាច្រើន ដើម្បីជួយជំរុញការអភិវឌ្ឍន៍រួម និងការយោគយល់គ្នាផ្នែកវប្បធម៌ សេដ្ឋកិច្ច និងការទូត ។
ឯកអគ្គរាជទូតកម្ពុជា បានថ្លែងរំលឹកថា កម្ពុជា និងហ្សកហ្ស៊ី ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងគ្នា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៤ មក ទំនាក់ទំនងនៃភាពជាដៃគូរវាងប្រទេសទាំងពីរ មានភាពល្អប្រសើរជាលំដាប់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ដោយបានបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើគោលការណ៍មិត្តភាព ការគោរព និងសេចក្តីប្រាថ្នារួមគ្នាសម្រាប់សន្តិភាព និងការអភិវឌ្ឍ ជាពិសេសការពង្រឹងកិច្ចសន្ទនានយោបាយ និងការពង្រីកនូវកិច្ចសហប្រតិបត្តិការនានា ។ បន្ថែមពីនោះ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរ បានក្លាយមូលដ្ឋានដ៏រឹងមាំសម្រាប់ភាពជាដៃគូ ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងប្រជាជន ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកអគ្គរដ្ឋទូត ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនកាន់តែរឹងមាំថែមទៀត ហើយការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នានេះ នឹងកើតមានជាបន្តបន្ទាប់លើវិស័យសក្តានុពលមួយចំនួន ។
កម្ពុជា និងហ្សកហ្ស៊ី អាចធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាវិស័យអប់រំ និងបច្ចេកវិទ្យាជាដើម តាមរយៈការជំរុញភាពជាដៃគូអាជីវកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលអាចបង្កើតឱកាសថ្មីដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការយោគយល់គ្នាទៅវិញទៅមកបន្ថែមទៀត ។
ដើម្បីជំរុញលើកិច្ចការទាំងនោះ ឯកឧត្តម បានស្នើសុំ ហ្សកហ្ស៊ី សហការណ៍ផ្លាស់ប្តូព័ត៌មានគ្នាទៅវិញទៅមករវាង AKP ជាមួយសារព័ត៌មានផ្លូវការរបស់ហ្សកហ្ស៊ី, រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ សហប្រតិបត្តិការក្នុងវិស័យអប់រំ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការផ្តល់អាហារូបករណ៍ដល់និសិត្សកម្ពុជា សហការរវាងសាកលវិទ្យាល័យ និងសាកលវិឡ្យាល័យ និងស្នើសុំឲ្យមានជំនួបរវាងសភាពពាណិជ្ជកម្ម ពាណិជករកម្ពុជា និងហ្សកហ្ស៊ី ជាដើម ។
ពាក់ព័ន្ធនឹងវិស័យវប្បធម៌នោះវិញ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានស្នើសុំការគាំទ្រពីហ្សកហ្ស៊ី ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចដាក់ស្នើជាបេក្ខភាពកម្ពុជា ជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី (ICS-ICH) សម្រាប់ក្រុមអាស៊ី-ប៉ាស៊ីហ្វិកអាណត្តិឆ្នាំ២០២៦-២០៣០ ដែលការបោះឆ្នោតគ្រោងនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ។
ចំពោះកិច្ចការនេះ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ចំពោះការអភិរក្ស និងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបី ហើយកម្ពុជាជឿជាក់ថា ការណ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការយោគយល់គ្នាទៅវិញទៅមក ភាពចម្រុះនៃវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការគាំទ្រពីរដ្ឋាភិបាលហ្សកហ្ស៊ី ជាការបង្ហាញដ៏មានអត្ថន័យនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារកេរ្តិ៍ដំណែលវប្បធម៌របស់មនុស្សជាតិ ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងធ្វើការយ៉ាងជិតស្និទ្ធជាមួយហ្សកហ្ស៊ី ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ៕





អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ FB : Dr. CHEA Chanboribo Ambassador of Cambodia to the Republic of Bulgaria