មេ ណាតូ ថា ដាក់សំពាធខ្លាំង ពូទីន នឹងព្រមលើបទឈប់បាញ់
វ៉ាស៊ីនតោន ៖ មេដឹកនាំប្រទេសរុស្ស៊ី លោក ពូទីន នឹងយល់ព្រមបទឈប់បាញ់ ជាមួយនឹងសម្ពាធខ្លាំង នេះគឺជាការគូសបញ្ជាក់ របស់អគ្គលេខាធិការ អង្គការសម្ព័ន្ធយោធាអន្តរជាតិណាតូ កាលពីថ្ងៃទី២២ ខែតុលា។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយ បន្ទាប់ពីជួបជាមួយលោក Donald Trump នៅសេតវិមានថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងសម្ពាធជានិរន្តរភាព យើងនឹងអាចនាំលោក Putin ទៅកាន់តុ ដើម្បីយល់ព្រមជាមួយបទឈប់បាញ់»។
លោក Mark Rutte បាននិយាយថា លោក Donald Trump គឺជាមនុស្សតែម្នាក់គត់ ដែលអាចអង្គុយជាមួយ លោក ពូទីន ហើយធ្វើឱ្យ លោក ពូទីន ផ្លាស់ប្តូរ។
ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte លោក Donald Trump មានប្រសាសន៍ថា លោកនឹងពិភាក្សាជាមួយលោក Xi Jinping ពីលទ្ធភាព នៃការបញ្ចប់សង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ដោយលោកបាននិយាយថា មេដឹកនាំចិន អាចមានឥទ្ធិពលខ្លាំង លើ លោក ពូទីន។
លោក Trump នៅសប្តាហ៍នេះ បានបញ្ឈប់ផែនការ ជួបពិភាក្សាជាមួយលោក Putin នៅទីក្រុង Budapest ដោយនិយាយថា លោកមិនចង់ឱ្យមានកិច្ចប្រជុំ “ខ្ជះខ្ជាយ” នោះទេ។
វិមានក្រឹមឡាំង កាលពីថ្ងៃពុធ ហាក់ដូចជា ទុកទ្វារបើកចំហ សម្រាប់កិច្ចប្រជុំកំពូល ដោយនិយាយ មុនពេលការប្រកាសទណ្ឌកម្មថា ការត្រៀមរៀបចំ នៅតែបន្ត។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា “គ្មាននរណាម្នាក់ ចង់ខ្ជះខ្ជាយពេលវេលាទេ ទាំងប្រធានាធិបតី Trump និងប្រធានាធិបតី ពូទីន”៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
