នាយឧត្តមសេនីយ៍ ស ថេត ៖ ស្នងការនគរបាលថ្មី ខេត្តស្ទឹងត្រែង បន្តខិតខំអនុវត្តតួនាទីភារកិច្ចការងារ ឲ្យមានប្រសិទ្ធភាព

(ខេត្តស្ទឹងត្រែង)៖ ស្នងការនគរបាលថ្មី ខេត្តស្ទឹងត្រែង ត្រូវបន្តខិតខំពង្រឹងសន្តិសុខ សុវត្ថិភាពសាធារណៈ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ ឲ្យមានប្រសិទ្ធភាព ។

ប្រសាសន៍ណែនាំរបស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត តំណាងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច ស្នងការនគរបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងទាំង៣ ក៏បានចូលរួមផងដែរ ដែលពិធីនេះបានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា អតីតអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលជាតិ ចូលកាន់មុខតំណែង ជាស្នងការនគរបាលថ្មី ខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ូត ស៊ីវុត្ថា ដែលត្រូវទទួលភារកិច្ចថ្មី ក្នុងមុខតំណែងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ស ថេត បានជំរុញឱ្យស្នងការនគរបាលថ្មី ខេត្តស្ទឹងត្រែង ប្រើប្រាស់បទពិសោធន៍ និងចំណេះដឹង ដើម្បីអនុវត្តការងារបានប្រសើរជាងមុន ជាពិសេសត្រូវផ្តោតសកម្មភាពលើការបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសបំពានច្បាប់ ត្រូវរឹតបន្តឹងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការរត់ពន្ធមនុស្ស និងបទល្មើសផ្សេងៗទៀត ដែលប៉ះពាល់ដល់សន្តិសុខសង្គម។

ស្នងការនគរបាលថ្មី ខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់ទំនុកចិត្តតែងតាំង ឱ្យកាន់តំណែងដ៏មានកិត្តិយសនេះ។

លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា បានប្តេជ្ញាចិត្តថា នឹងបន្តសម្របសម្រួលការងារយ៉ាងសាមគ្គី ជាមួយថ្នាក់ដឹកនាំខេត្ត និងអង្គភាពពាក់ព័ន្ធ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍខេត្តស្ទឹងត្រែង ឱ្យកាន់តែរីកចម្រើន៕

ដោយ ៖ ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner