កិច្ចប្រជុំពិសេស លើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមហើយ

(ភ្នំពេញ)៖ កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនៅព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥នេះបានចាប់ផ្តើមហើយនាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ក្នុងកិច្ចប្រជុំពិសេសដើម្បីដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃនេះដែរ បានធ្វើការផ្សាយផ្ទាល់ពីសំណាក់ទូរទស្សន៍ជាតិកម្ពុជា។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥នេះថាកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ។

ប្រភពនេះបន្តឱ្យដឹងថាគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ គឺធ្វើបន្តពីកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស។

គួរបញ្ជាក់ថា មុនបើកកិច្ចប្រជុំពិសេស លើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ
ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)បានបន្តបើកកិច្ចប្រជុំ ថ្ងៃទី៣ ក្នុងប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២នៅថ្ងៃនេះ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ី។

ក្រសួងការពារជាតិបានបញ្ជាក់ឱ្យដឹងថា៖ក្នុងដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃនេះដែរបានទទួលការស្វាគមន៍ពីសំណាក់ ឧត្តមនាវីទោ Ahmad Shafirudin Bin Abu Bakar ជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្ត្រ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និង អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២៥កន្លងមក កងទ័ពកម្ពុជា-ថៃ បានបើកកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីរួចមកហើយ។ សម្រាប់ថ្ងៃទី២២ម្សិលម៉ិញនេះដែរគឺជាថ្ងៃទី៣រវាងកងទ័ពប្រទេសទាំងពីរបើកកិច្ចប្រជុំរួមគ្នាបន្តទៀត។ ក្នុងកិច្ចប្រជុំទាំង៣ថ្ងៃនេះដែរភាគីទាំងពីរ ពិភាក្សាក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner