វ៉េណេស៊ុយអេឡាថា មានកាំជ្រួចរុស្ស៊ី ៥ពាន់ដើម ទប់ទល់នឹងអាមេរិក

ការ៉ាកាស ៖ លោក ម៉ាឌូរ៉ូ បាននិយាយ កាលពីថ្ងៃពុធ ថា ប្រទេស វ៉េណេស៊ុយអេឡា មានកាំជ្រួចប្រឆាំងយន្តហោះ ផលិតនៅរុស្ស៊ី ចំនួន ៥.០០០ ដើម ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក។

លោក ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ អះអាងថា កាំជ្រួចពីដីបាញ់ទៅអាកាស ដែលអាចចល័តបាន ត្រៀមប្រើទប់ទល់នឹងកងកម្លាំងសហរដ្ឋអាមេរិក ដែលដាក់ពង្រាយ នៅតំបន់ការ៉ាប៊ីន។

ទីក្រុង វ៉ាស៊ីនតោន បានដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ និងនាវាកងទ័ពជើងទឹក នៅតំបន់ការ៉ាប៊ីន ដែលជាផ្នែកមួយ នៃអ្វីដែលហៅថា កិច្ចខិតខំប្រឹងប្រែងប្រឆាំងគ្រឿងញៀន ហើយ បានបំផ្លាញយ៉ាងហោចណាស់ នាវាចំនួន ៨គ្រឿង ដែលខ្លួនបាននិយាយថា កំពុងរត់ពន្ធគ្រឿងញៀន ពីវេណេហ្ស៊ុយអេឡា ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។

វេណេហ្ស៊ុយអេឡា បានបរិហារការដាក់ពង្រាយនេះ ហើយអះអាងថា ជាប្រតិបត្តិការ ចង់បណ្តេញលោក ម៉ាឌូរ៉ូ តែ មេដឹកនំាំរូបនេះ ត្រូវបានទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ ថា ជាក្រុមជួញដូរគ្រឿងញៀន។

នៅក្នុងពិធីតាមទូរទស្សន៍ ជាមួយមេដឹកនាំយោធាជាន់ខ្ពស់ លោក Maduro បាននិយាយថា ប្រទេសវេណេហ្ស៊ុយអេឡា មានកាំជ្រួចរយៈចម្ងាយខ្លី ផលិតដោយរុស្ស៊ី Igla-S ដែលមិនតិចជាង ៥,០០០ដើម នៅក្នុងទីតាំងការពារដែនអាកាស សំខាន់ៗ ដើម្បីធានាសន្តិភាព។

កាំជ្រួច Igla-S ដែលត្រូវបានរចនាឡើង ដើម្បីបាញ់ទម្លាក់យន្តហោះ ដែលហោះហើរទាប ត្រូវបានគេប្រើប្រាស់ នៅក្នុងសមយុទ្ធយោធា ដែលបញ្ជាដោយលោក Maduro ដើម្បីឆ្លើយតបទៅនឹងសកម្មភាពយោធារបស់សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យមេដឹកនាំជាច្រើន នៅអាមេរិកឡាទីន ខឹងសម្បារ។

មន្ទីរបញ្ចកោណ បានប្រាប់សភាថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង “ជម្លោះប្រដាប់អាវុធ” ជាមួយក្រុមជួញដូរគ្រឿងញៀន នៅអាមេរិកឡាទីន ដោយចាត់ទុកពួកគេជា ក្រុមភេរវករ ខុសច្បាប់។ តែ អ្នកជំនាញនិយាយថា ការសម្លាប់នេះ គឺ ខុសច្បាប់ ទោះបីជាពួកគេកំណត់គោលដៅ លើអ្នកជួញដូរក៏ដោយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner