កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)បានបញ្ជប់ដោយបានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងរួម
(ភ្នំពេញ)៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)បានបញ្ចប់ ហើយ នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥នេះដោយកិច្ចប្រជុំនេះ បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី២នេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
បញ្ជាក់ក្នុងសេចក្តីប្រកាសនាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥នេះលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងអំពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១៖៣០នាទី នៅទីក្រុងកូឡាឡាំពួរ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។
គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ៕






ដោយ ៖ ម៉ាដេប៉ូ