ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមអបអរសាទរខួបទី៦៨ឆ្នាំ ថ្ងៃបុណ្យជាតិម៉ាឡេស៊ី
(ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញចូលរួមអបអរសាទរខួបទី៦៨ឆ្នាំ ថ្ងៃបុណ្យជាតិម៉ាឡេស៊ី ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា តំណាងស្ថានទូតបរទេសប្រចាំកម្ពុជា ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ អញ្ជើញមកពីវិស័យសាធារណៈ វិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋម៉ាឡេស៊ីដែលកំពុងបម្រើការងារនិងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាងច្រើនកុះករ។
ឯកឧត្ដម Dr. Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំពីអត្ថន័យដ៏ជ្រាលជ្រៅនៃថ្ងៃបុណ្យជាតិម៉ាឡេស៊ី ដែលបានផ្សារភ្ជាប់ដំណើររីកចម្រើនរបស់ប្រទេសម៉ាឡេស៊ី និងស្មារតីរួបរួមជាតិរបស់ប្រជាជនម៉ាឡេស៊ី។
ឯកឧត្ដមឯកអគ្គរាជទូត ក៏បានលើកឡើងពីចំណងមិត្តភាពការទូតដ៏រឹងមាំរវាងម៉ាឡេស៊ីនិងកម្ពុជា ក្នុងនាមជាមិត្តភក្ដិជិតស្និទ្ធ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនយោគ វប្បធម៌ ការអប់រំជាដើម និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើវិស័យដទៃទៀត។ ឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឋានៈជារដ្ឋសមាជិកអាស៊ាន ដែលតែងតែខិតខំប្រឹងប្រែងក្នុងគោលដៅរួមគ្នាជាមួយរដ្ឋសមាជិកដទៃទៀត ដើម្បីប្រយោជន៍ សេចក្ដីសុខ និងការរីកចម្រើនរបស់សហគមន៍អាស៊ានទាំងមូល។
នាឱកាសខួបទី៦៨ឆ្នាំ ថ្ងៃបុណ្យជាតិម៉ាឡេស៊ី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអបអរសាទរស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក៏ដូចជាប្រជាជនម៉ាឡេស៊ីចំពោះការរីកចម្រើនរបស់ម៉ាឡេស៊ី និងបានលើកឡើងអំពីចំណងការទូតដ៏រឹងមាំរវាងកម្ពុជា-ម៉ាឡេស៊ី ក្នុងរយៈពេល ៦៨ឆ្នាំកន្លងមកនេះ ដែលបានផ្ដល់ប្រយោជន៍ដល់គ្នាទៅវិញទៅមកសម្រាប់ប្រជាជនប្រទេសទាំងពីរ ប្រកបដោយការជឿជាក់និងគោរពគ្នាទៅវិញទៅមក។ ចំណងការទូតដ៏រឹងមាំនៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនឱ្យមានការរីកចម្រើន ជាការកត់សម្គាល់ ក្នុងរង្វង់នយោបាយ សន្តិសុខតំបន់ ពាណិជ្ជកម្ម ការវិយោគ ការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ។ល។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានរម្លឹកអំពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅកម្ពុជាកាលពីឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅម៉ាឡេស៊ី កាលពីឆ្នាំ២០២៤ ក៏ដូចជាកិច្ចប្រជុំទ្វេភាគីជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលបានជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវិនិយោគ ទេសចរណ៍ ការផ្លាស់ប្ដូរវប្បធម៌ ការអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការជាច្រើនទៀតកាន់តែមានការរីកលូតលាស់យ៉ាងខ្លាំងផងដែរ ដែលស្ថានទូតម៉ាឡេស៊ីបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញភាពជោគជ័យក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យមុខងារសាធារណៈ ACCSM ខណៈកម្ពុជា គឺជាប្រធានប្ដូរវេនដឹកនាំនិងឆ្ពោះទៅរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ នាពេលខាងមុខ៕








ដោយ ៖ ង៉ាន់ ទិត្យ