មេធំ UN ព្រមានថា ប្រព័ន្ធពាណិជ្ជកម្មសកលប្រឈមហានិភ័យដួលរលំ
ហ្សឺណែវ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានធ្ងន់ៗកាលពីថ្ងៃពុធថា ប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកតាមច្បាប់អន្តរជាតិកំពុងស្ថិតក្នុងគ្រោះថ្នាក់ ឬប្រឈមមុខនឹងហានិភ័យដួលរលំ ចំពេលបំណុលកើនឡើង ការដំឡើងពន្ធគយខ្ពស់កប់ពពក និងអសន្តិសុខហិរញ្ញវត្ថុសម្រាប់ប្រទេសកំពុងរីកចម្រើន។
លោក Guterres បានថ្លែងនៅឯសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍នៅទីក្រុងហ្សឺណែវថា ប្រទេសជាច្រើនបានជាប់ក្នុងវិបត្តិបំណុល ហើយការចំណាយប្រាក់យ៉ាងច្រើនធ្លាក់ក្នុងដៃម្ចាស់បំណុល ជាជាងបង្វែរលើការផ្តល់មូលនិធិបម្រើដល់វិស័យសុខាភិបាល និងការអប់រំ។
លោក Guterres និយាយថា មនុស្ស៣.៤ពាន់លាននាក់កំពុងរស់នៅក្នុងប្រទេសដែលចំណាយប្រាក់ច្រើនលើសេវាបំណុល ជាជាងលើផ្នែកសុខភាព ឬការអប់រំ។ ដូច្នេះលោកអំពាវនាវឱ្យមានការបន្ធូរបន្ថយអត្រាការប្រាក់ ពិសេសជួយដល់ប្រទេសដែលប្រឈមនឹងវិបត្តិបំណុលធ្ងន់ធ្ងរ។
ប្រមុខ UN រូបនេះ បានសង្កត់ធ្ងន់ថា យើងបានមើលឃើញការកើនឡើងហានិភ័យនៃសង្គ្រាមពាណិជ្ជកម្ម ស្របពេលនិន្នាការចំណាយផ្នែកយោធាបង្ហាញថា ពិភពលោកកំពុងវិនិយោគកាន់តែច្រើនទៅលើការសម្លាប់មនុស្ស ជាជាងភាពរុងរឿង និងសុខុមាលភាពរបស់មនុស្ស។
ឆ្លើយតបនឹងបញ្ហានេះ លោក Guterres បានលើកឡើងអំពីអាទិភាពចំនួនបួនសម្រាប់សកម្មភាពអន្តរជាតិ មានដូចជា៖ ការបង្កើតប្រព័ន្ធពាណិជ្ជកម្ម និងការវិនិយោគសកលប្រកបដោយយុត្តិធម៌; ការផ្តល់ហិរញ្ញប្បទានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍; ជំរុញបច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីបង្កើនសន្ទុះសេដ្ឋកិច្ច និងការតម្រឹមគោលនយោបាយពាណិជ្ជកម្មគិតគូរពីអាកាសធាតុ៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា