២០ឆ្នាំនៅកម្ពុជា៖អង្គការអភិវឌ្ឍន៍ហូឡង់ចូលរួមផ្លាស់ប្តូរពីភូមិមានផ្សែង ទៅសហគមន៍ចម្អិនស្អាតនិងថាមពលនិរន្តរភាព
សៀមរាប៖ឯកឧត្តម ប៉ោ និមល អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោក ឌី រ៉ាដូរ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួប២០ ឆ្នាំនៃអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) និងសន្និបាតថាមពលឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅសណ្ឋាគារបុរីអង្គរ ក្រុងសៀមរាបកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ពិធីនេះមានអ្នកចូលរួមជាង ៣៥០ នាក់ រួមទាំងតំណាងក្រសួងរ៉ែ និងថាមពល ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហភាពអឺរ៉ុប GIZ ភ្នាក់ងារអភិវឌ្ឍន៍ថាមពល (EnDev) អង្គការអន្តរជាតិ និងដៃគូសហប្រតិបត្តិការ ដើម្បីពិភាក្សាអំពីការរីកចម្រើននៃថាមពលស្អាត និងវិស័យចម្អិនស្អាតនៅកម្ពុជា។
មន្រ្តីអង្គការSNV បានគូសរំលេចថា ចាប់តាំងពីឆ្នាំ២០០៥មក អង្គការបានអនុវត្តគម្រោងអភិវឌ្ឍន៍ផ្នែកថាមពល ទឹក និងកសិ-អាហារ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនជាង ៦៦០.០០០ នាក់ឱ្យមានថាមពលប្រកបដោយនិរន្តរភាព និងជាង ២៨០.០០០ នាក់ទទួលបានទឹកស្អាតនិងអនាម័យប្រសើរឡើង។ក្នុងវិស័យថាមពល គ្រួសារជិត ១៥០.០០០ បានផ្លាស់ប្តូរទៅប្រើជីវឧស្ម័ន អគ្គិសនី ឬឧស្ម័ន LPG ដែលជួយកាត់បន្ថយការបំពុលបរិស្ថាន និងការកាប់បំផ្លាញព្រៃឈើ។
អង្គការSNV និងភ្នាក់ងារថាមពល EnDev បានបន្តអនុវត្តគម្រោង ភូមិគ្មានផ្សែង (Smoke-Free Village) និង ការចម្អិនស្អាត (Clean Cooking Program) ដែលជួយផ្លាស់ប្តូរឥរិយាបទប្រជាជនឱ្យចម្អិនដោយវិធីស្អាត គ្មានផ្សែង ធ្វើឲ្យសុខភាពប្រជាជនប្រសើរឡើង បន្ថយហានិភ័យសម្រាប់ស្ត្រី និងកុមារ ការការពារបរិស្ថាន និងបង្កើនស្ថានភាពយែនឌ័រ។
ក្នុងឱកាសនេះដែរឯកឧត្តម ប៉ោ និមល បានអបអរសាទរចំពោះ SNV និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ថាមពលស្អាត និងសុខភាពសហគមន៍កម្ពុជា។ឯកឧត្តមបានសរសើរចំពោះជោគជ័យនៃគម្រោង ភូមិគ្មានផ្សែង និង ចម្អិនស្អាត ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ នេះដោយមានលទ្ធផលជាក់ស្តែង និងមោទនភាពចំពោះការផ្លាស់ប្តូរពី “ភូមិមានផ្សែង” ទៅ “សហគមន៍ចម្អិនស្អាត” ទូទាំងប្រទេស៕






ដោយ៖ ប៊ុន រដ្ឋា