អឺរ៉ុប និងអ៊ុយក្រែនបង្កើតផែនការ ១២ចំណុចបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី
ព្រុចសែល ៖ ប្រទេសប្លុកអឺរ៉ុបកំពុងដុតដៃដុតជើងធ្វើការជាមួយអ៊ុយក្រែន ផ្តួចផ្តើមផែនការចំនួន ១២ចំណុច មានគោលបំណងបិទបញ្ចប់ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលអូសបន្លាយមកទល់សព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Bloomberg កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពជាច្រើន។
ប្រភពបានឱ្យដឹងទៀតថា ក្រុមប្រឹក្សាសន្តិភាពដែលដឹកនាំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រួតពិនិត្យការអនុវត្តតាមផែនការស្នើឡើងទាំង ១២ចំណុចនេះ។ ជាផ្នែកនៃផែនការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ រួមមានការបញ្ជូនកុមារទាំងអស់ដែលនិរទេសពីអ៊ុយក្រែនទៅរុស្ស៊ី ត្រឡប់មកកាន់ប្រទេសកំណើតវិញ និងការដោះដូរឈ្លើយសឹកទៅវិញទៅមក ក្នុងករណីរុស្ស៊ីយល់ព្រមលើបទឈប់បាញ់។
បន្ថែមលើនេះ អ៊ុយក្រែនក៏នឹងទទួលបាននូវការធានាសន្តិសុខ និងការបើកផ្លូវចូលជាសមាជិកសហភាពអឺរ៉ុប ជាថ្នូរនឹងការដកទណ្ឌកម្មចេញពីរុស្ស៊ី។ យ៉ាងណាមិញ បើតាមសារព័ត៌មាន Bloomberg, ខ្លឹមសារលំអិតនៃផែនការនេះនៅមិនទាន់បញ្ចប់នៅឡើយទេ។ ហើយមន្រ្តីអឺរ៉ុបនឹងធ្វើដំណើរទៅកាន់អាមេរិកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន។
គួរកត់សម្គាល់ ផែនការបញ្ចប់សង្គ្រាមនេះ លេចឡើងចំពេលដែលរុស្ស៊ីធ្វើសមយុទ្ធនុយក្លេអ៊ែរ ខណៈការប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែនកើនឡើងកំដៅខ្លាំង ហើយលោកខាងលិចក៏កំពុងប្រឹងប្រែងពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា