Tesla ប្រមូលឡានអគ្គិសនី Cybertrucks ជាង ៦ម៉ឺនគ្រឿង មកជួសជុលបញ្ហា Software
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បាននឹងកំពុងប្រមូលឡានអគ្គិសនី Cybertrucks ចំនួន ៦៣,៦១៩គ្រឿងមកជួសជុល ក្រោយរកឃើញកំហូចពាក់ព័ន្ធនឹងបញ្ហា Software ដែលធ្វើឱ្យភ្លើងបំភ្លឺផ្លូវខាងមុខភ្លឺខ្លាំងលើសកម្រិតអនុញ្ញាត ប៉ះពាល់ដល់ភ្នែកអ្នកបើកបរដទៃ។ នេះបើតាមការបញ្ជាក់របស់និយតករយានយន្តអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។
ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Star, រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ បានលើកឡើងកាលពីថ្ងៃសុក្រថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រុមហ៊ុន Tesla ទើបតែបានចេញផ្សាយការធ្វើបច្ចុប្បន្នភាព ឬUpdate software ថ្មី ក្នុងគោលបំណងកែលម្អកំហូចដល់ម្ចាស់រថយន្តទាំងអស់ដោយឥតគិតថ្លៃ។
ក្រៅពីឡានអគ្គិសនី Cybertrucks, កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុន Telsa ក៏បានប្រមូលមកវិញនូវឡាន Model 3 និង Model Y ចំនួន ១២,៩៦៣គ្រឿង មកជួសជុលទាក់ទងនឹងបញ្ហាអាគុយផងដែរ។
គួរកត់សម្គាល់ ក្រុមហ៊ុន Tesla រកចំណូលបានត្រឹមតែ ១.៤ពាន់លានដុល្លារប៉ុណ្ណោះ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ តួលេខនេះបានដាំក្បាលចុះរហូតដល់ ៣៧ភាគរយឯណោះ ទោះបីជាការលក់រថយន្តកើនឡើងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយកាសែតរ៉យទ័រ៕
ប្រភព ៖ The Star និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា



