អាជីវករដែលលក់ដូរនៅផ្សារគីឡូម៉ែត្រលេខ៩ បានស្នើឱ្យអាជ្ញាធរចុះពិនិត្យករណី មានបុគ្គលម្នាក់ អះអាងថាខ្លួនជាប្រធានផ្សារ

(ភ្នំពេញ)៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះ មានតំណាងអាជីវករដែលលក់ដូរនៅផ្សារគីឡូម៉ែត្រលេខ៩ បានស្នើឱ្យអាជ្ញាធរចុះពិនិត្យករណី មានបុគ្គលម្នាក់ អះអាងថាខ្លួនជាប្រធានផ្សារគីឡូម៉ែត្រលេខ៩ហើយដើរប្រមូលយកលុយ ឬភាស៊ី ពីអាជីវករ យ៉ាងអាណាធិបតេយ្យ ដែលបង្កការលំបាកដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋ។

ឆ្លើយតបជាមួយអាជីវករទាំងអស់ក្នុងឱកាសនោះ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យ អភិបាលខណ្ឌ និងអធិការខណ្ឌប្ញស្សីកែវ ចុះពិនិត្យ និងបញ្ជាឱ្យចាត់វិធានការផ្លូវច្បាប់ ឬឃាត់ខ្លួនប្រសិនបើរកឃើញថា បានប្រព្រឹត្តទង្វើនេះពិតប្រាកដមែន ។

លោក ឯក ឃុនដឿន បញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពូល ជាពិសេសសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានយកចិត្តទុកដាក់ជាខ្លាំង លើសុខទុក្ខបងប្អូនអាជីករ រហូតចេញបទបញ្ជាឱ្យលុបបំបាត់ ការយកភាស៊ី ចំពោះអ្នកលក់ដូរ តាមកញ្ច្រែង កញ្ជើរ ឬល្អី ជាដើម ជាពិសេសលុបបំបាត់ភាស៊ីខុសច្បាប់តែម្តង ។

ក្នុងវេទិកានាពេលនេះ លោក ឯក ឃុនដឿន បានចាត់ឱ្យសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធចុះ អនុវត្តស៊ើបអង្កេត និងឃាត់ខ្លួនជនបង្កនោះតែម្តង ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ចំពោះជនឆ្លៀតឱកាសបែបនេះ ។

លោក ឯក ឃុនដឿន មានប្រសាសន៍ថា “ត្រូវប្តេជ្ញាធានាទាំងអស់គ្នា មិនឱ្យជនឆ្លៀតឱកាសណា យកលុយអាណាធិបតេយ្យ លើការលក់ដូរចញ្ចើមផ្លូវទេ ។

លោក ឯក ឃុនដឿន បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានលើកឡើងនូវសំណូមពរ និងបញ្ហាជាច្រើនដើម្បីជាធាតុចូល ជាមួយអាជ្ញាធរ អាចពិនិត្យ ដោះស្រាយជូន ក្នុងនោះបានទទួលស្តាប់ និងឯកភាពតាមសំណើរជាច្រើន តួយ៉ាងកិច្ចការផែនការរៀបចំសណ្តាប់ធ្នាប់ផ្សារ និងផ្លូវតែម្តង ។

ឯកឧត្តម ម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់រួបរួមសាមគ្គីគ្នា ក្នុងពេលដែលប្រទេសជាតិ កំពុងប្រឈម នឹងការឈ្លានពានពីប្រទេសជិតខាង និងឱ្យពលរដ្ឋទាំងអស់ត្រៀមខ្លួន ដើម្បីវាយបកជាមួយ នឹងកម្លាំងខាងក្រៅ ដែលញុះញង់ឱ្យខ្មែរបែកបាក់ និងចង់បំផ្លិចបំផ្លាញកម្លាំងសាមគ្គីរបស់ខ្មែរ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner