អគ្គាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ២០២៥ អនុវត្តការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ សំដៅពង្រឹងប្រសិទ្ធិការងារ

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន ច័ន្ទសុខខេមរា អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ អគ្គាធិការដែលជាសេនាធិការក្រសួង បានអនុវត្តការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ សំដៅពង្រឹងប្រសិទ្ធិការងារ ។ ក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ប៉ែន ច័ន្ទសុខខេមរា មានប្រសាសន៍បញ្ជាក់ថា ក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន “មនុស្ស ទឹក ភ្លើង ផ្លូវ បច្ចេកវិទ្យា” គោលនយោបាយអាទិភាព និងវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈ ។

ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអាទិភាព ការចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ សេវាគាប់ចិត្ត និងការរៀបចំដែនដី នគរូបនីយកម្ម សំណង់ ឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ។

ក្នុងនោះអគ្គាធិការដ្ឋានបានបំពេញបេសកកម្មតាមតួនាទីភារកិច្ច ផែនការសកម្មភាព និងចុះធ្វើអធិការកិច្ច លើការងារពាក់ព័ន្ធវិស័យរបស់ក្រសួង និងបានសហការជាមួយថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធពិនិត្យស្រាវជ្រាវ ករណីបណ្ដឹង ឬសំណើផ្សេងៗ ទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរ ពិសេសបានសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធយ៉ាងជិតស្និត ។

ឯកឧត្តម ប៉ែន ច័ន្ទសុខខេមរា អគ្គាធិការ បានបន្ថែមថា ទិសដៅការងារសម្រាប់ឆ្នាំ ២០២៦និងបន្តចុះធ្វើអធិការកិច្ចលើការងារពាក់ព័ន្ធវិស័យរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមដានការអនុវត្តច្បាប់ នីតិវិធី និងគោលការណ៍ណែនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅពង្រឹងប្រសិទ្ធិការងារឱ្យបានត្រឹមត្រូវ តាមគោលការណ៍ណែនាំ និងនីតិវិធីជាធរមាន និងបន្តចុះអង្កេតស្រាវជ្រាវ និងដោះស្រាយករណីវិវាទដីធ្លី បណ្តឹងរដ្ឋបាល បណ្តឹងបរិហារពាក់ព័ន្ធការ ប្រព្រឹត្តរបស់មន្ត្រី និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពឋានានុក្រម លើកកម្ពស់ និងបង្កើនសមត្ថភាពមន្ត្រីរបស់អគ្គាធិការដ្ឋាន ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បែន រ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គាធិការដ្ឋានទាំងអស់ ក្នុងការអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ និងសម្រេចបានការងារនាពេលកន្លងមក ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គាធិការដ្ឋាន បន្តរួបរួមសាគ្គីភាពក្នុងពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត ត្រូវបន្តអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួនតាមការគ្រោងទុក និងលើកផែនការឆ្នាំបន្ទាប់ឱ្យចំគោលដៅជាយុទ្ធសាស្ត្រ ត្រូវយកចិត្តទុកដាក់ពន្លឿនសំណុំរឿងដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner