កូឡុំប៊ីចោទអាមេរិក ពីបទប្រហារជិវិតមនុស្ស នៅការីប៊ីន និង ប៉ាស៊ីហ្វិក

បូហ្គោតា ៖ ប្រធានាធិបតី នៃប្រទេស កូឡុំប៊ី កាលពីថ្ងៃព្រហស្បតិ៍ បានចោទអាមេរិក ពីការប្រហារជីវិតមនុស្ស នៅតំបន់ ការីប៊ីន និង ប៉ាស៊ីហ្វិក។

លោក Gustavo Petro ប្រធានាធិបតីឆ្វេងនិយម បានបង្កើនការបរិហារ លើការវាយប្រហារ តាមផ្លូវអាកាស ប្រឆាំងគ្រឿងញៀន របស់លោក ដូណាល់ ត្រាំ និង បានបដិសេធការគំរាមកំហែង របស់សហរដ្ឋអាមេរិក ក្នុងការបង្កកជំនួយ រាប់រយលានដុល្លារ។

ដោយជំរុញឱ្យមានការប្រេះឆា ដែលបានបំផ្លាញទំនាក់ទំនង រវាងប្រទេសសម្ព័ន្ធមិត្ត យូរមកហើយ លោក Gustavo Petro និយាយថា «លោក Trump បានបង្កាច់បង្ខូចខ្ញុំ និងប្រមាថប្រទេសកូឡុំប៊ី»។

លោក Petro បានចោទប្រកាន់ លោក Trump ពីបទ «អនុវត្តការកាត់ទោស ក្រៅប្រព័ន្ធតុលាការ» ដែល “រំលោភលើច្បាប់អន្តរជាតិ” តាមរយៈសកម្មភាពវាយប្រហារ ទៅលើទូកជួញដូរគ្រឿងញៀន ដែលត្រូវបានចោទប្រកាន់។

អាមេរិកបានបំផ្លាញទូក ៩គ្រឿង និងសម្លាប់មនុស្សយ៉ាងតិច ៣៧នាក់ ក្នុងរយៈពេលមិនដល់ ២ខែ នេះបើយោងតាមរដ្ឋាភិបាលអាមេរិក។

លោក Petro បាននិយាយថា ការស្លាប់ នៅតែបន្តកើនឡើង យ៉ាងលឿន។ យ៉ាងហោចណាស់ មានជនជាតិកូឡុំប៊ីម្នាក់ ក្នុងចំណោមអ្នកស្លាប់ ដោយអះអាងថា ជាអ្នកនេសាទ តែ អាមេរិកថា ក្រុមគ្រឿងញៀន។

ប្រទេស កូឡុំប៊ី បានទាមទារ ជាសាធារណៈ ឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការវាយប្រហារ ដោយធ្វើឱ្យលោក Trump ខឹងសម្បារ ហើយបានដាក់ឈ្មោះ Petro ថា ជា “ចោរ” និង ជាអ្នកជួញដូរគ្រឿងញៀន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner