ក្រសួងសុខាភិបាល បើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងថែទាំវេជ្ជសាស្ត្រលើកទី១ ឆ្នាំ២០២៥
(ភ្នំពេញ)៖ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញបើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងថែទាំវេជ្ជសាស្ត្រលើកទី១ ឆ្នាំ២០២៥ ក្រោមមូលបទ៖ «សាមគ្គីភាពក្នុងវិស័យសុខាភិបាល ការលើកកម្ពស់គុណភាពព្យាបាល ព្រមទាំងការថែទាំតាមរយៈនវានុវត្តន៍ និងកិច្ចសហការ» មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ។
ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរភាពរីកច្រើនរបស់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងបន្តណែនាំដល់ឱ្យមន្រ្តីសុខាភិបាល ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ត្រូវខិតខំប្រឹងប្រែងពុះពារ ជាពិសេសការបម្រើសេវាពិនិត្យថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍ណែនាំថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដោយត្រូវមានបុរេសកម្ម នវានុវត្តន៍ សាមគ្គីភាព ក្នុងការបម្រើសេវាប្រកបដោយ គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ។ ការព្យាបាល ត្រូវគិតពីសុវត្ថិភាពអ្នកជំងឺជាចំបង បង្កើនការយកចិត្តទុកដាក់ព្យាបាលថែទាំអ្នកជំងឺ ដោយចាត់ទុកអ្នកជំងឺជាសាច់ញ្ញាតិរបស់ខ្លួន ។ ផ្ដល់ព័ត៌មានស្តីពីការវិវត្តជំងឺដល់គ្រួសារអ្នកជំងឺ ចៀសវាងការព្យាបាលណាមួយ ដែលគ្រួសារអ្នកជំងឺមិនបានដឹង។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យ ចូលរួមវគ្គបណ្ដុះ បណ្ដាលនានា ដើម្បីបង្កើនចំណេះដឹងថ្មីៗ និងនវានុវត្ដន៍ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីការព្យាបាលកាន់តែប្រសើរឡើង ។
សូមជម្រាបជូនថា គោលបំណងនៃការរៀបចំទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងថែទាំវេជ្ជសាស្ត្រលើកទី១ ឆ្នាំ២០២៥នេះនឹងផ្តល់ជាការជួបជុំគ្នា ផ្តល់ឱកាសឱ្យមន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព រួមគ្នាបង្កើតនូវគំនិត បទពិសោធន៍ និងទទួលបាននូវបច្ចេកវិជ្ជាវេជ្ជសាស្រ្តថ្មីៗ ដើម្បីជំរុញឱ្យវិស័យសុខាភិបាល កាន់តែមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង៕






ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ