អាមេរិកថ្កោលទោស ការសម្រេចរបស់តុលាការ ICJ លើអ៊ីស្រាអែល
អ.ស.ប ៖ បេសកជនអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោស ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ ICJ លើអ៊ីស្រាអែលថា ជា «នយោបាយអាក្រាតកាយ»។
លោក Mike Waltz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសដូច្នេះ បន្ទាប់ពីតុលាការកំពូល របស់អង្គការសហប្រជាជាតិ មួយនេះ បាននិយាយថា អ៊ីស្រាអែល ត្រូវតែបន្ធូរបន្ថយការអនុម័ត ការផ្តល់ជំនួយ ទៅកាន់តំបន់ហ្គាហ្សា និង ធានាឱ្យប្រជាជនប៉ាឡេស្ទីន ទទួលបានតម្រូវការ ជាមូលដ្ឋាន។
លោក Mike Waltz បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រសហ្បតិ៍ ថា «ICJ ទើបតែបានចេញនូវនយោបាយអាក្រាតកាយ ប្រមាថអ៊ីស្រាអែល ដោយអយុត្តិធម៌ និង នាំឲ្យទីភ្នាក់ងារជំនួយអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ UNRWA ជាប់ពាក់ព័ន្ធយ៉ាងជ្រាលជ្រៅ ជាមួយអំពើភេរវកម្ម របស់ក្រុមហាម៉ាស»។
យ៉ាងណា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃពុធថា «នេះគឺជាការសម្រេចចិត្ត ដ៏សំខាន់មួយ ហើយខ្ញុំសង្ឃឹមថា អ៊ីស្រាអែលនឹងគោរពតាមវា»។
ប្រធានតុលាការ ICJ លោក Yuji Iwasawa បាននិយាយថា អ៊ីស្រាអែល «ស្ថិតនៅក្រោមកាតព្វកិច្ចក្នុងការយល់ព្រម និងសម្របសម្រួលគម្រោងជំនួយ ដែលផ្តល់ដោយអង្គការសហប្រជាជាតិ និងអង្គភាពរបស់ខ្លួន»។
យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេស អ៊ីស្រាអែល លោក Oren Marmorstein បានបង្ហោះនៅលើ X ថា «អ៊ីស្រាអែលបដិសេធ យ៉ាងដាច់អហង្ការនូវ ‘មតិយោបល់’ របស់ ICJ … នេះជាការប៉ុនប៉ងនយោបាយមួយទៀត ក្នុងការដាក់វិធានការនយោបាយ ប្រឆាំងនឹងអ៊ីស្រាអែល ក្រោមលេស ‘ច្បាប់អន្តរជាតិ’»៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
