តំណាងរាស្រ្តកូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះកម្ពុជាលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

តាកែវ៖គណៈប្រតិភូសាធារណរដ្ឋកូរ៉េដឹកនាំដោយ ឯកឧត្តម KIM SEOK-KI តំណាងរាស្ត្រទទួលបន្ទុកកិច្ចការបរទេស និងបង្រួប​បង្រួម​ជាតិនៃសាធារណរដ្ឋកូរ៉េបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សមត្ថកិច្ចកម្ពុជា និងភាគីពាក់ព័ន្ធ ក្នុង​ការប្រយុទ្ធប្រឆាំងបទល្មើសឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ការវាយតម្លៃបែបនេះ ត្រូវបានធ្វើ​ឡើងក្នុង​ឱកាស​ដែលគណៈប្រតិភូកូរ៉េបានអញ្ជើញទៅ​ពិនិត្យទីតាំង​អគារក្រុមហ៊ុនសុភមិត្ដ រ៉េស៊ីដេន ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្ដតាកែវ កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលជាទីតាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរកម្ពុជា​ធ្លាប់បានចុះ​ប្រតិបត្តិការពិនិត្យបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។

នៅទីនោះគណៈប្រតិភូបានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលតាមរយៈការសហការក្នុងការស្រាវជ្រាវបន្តដើម្បីស្វែងរកបណ្តាញមេខ្លោងនៅពីក្រោយការឆបោកអនឡាញ​តាមរយៈការ​ស្រាវជ្រាវលើ​សម្ភារៈនិង​វត្ថុតាងនានា ដែលសមត្ថកិច្ចរឹបអូសបានពី​ការប្រព្រឹត្តអំពើល្មើសនាពេលកន្លងមកពីទីតាំងខាងលើ រួមមាន កុំព្យូទ័រលើតុ ចំនួន២៧២គ្រឿង កុំព្យូទ័រយួរដៃ ចំនួន៩គ្រឿង ម៉ូនីទ័រ ចំនួន៤៤គ្រឿង CPC ចំនួន៤៤គ្រឿង ទូរសព្ទដៃ ចំនួន១.៣០៥​គ្រឿង និងIpad ចំនួន២គ្រឿង។

គណៈប្រតិភូតំណាងរាស្ត្រកូរ៉េបានកោតសរសើរដល់សមត្ថកិច្ចកម្ពុជា សម្រាប់ការបង្ក្រាបករណីឧក្រិដ្ឋកម្ម ឆបោក​អនឡាញជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការអនុវត្ត​វិធានការ​ទប់ស្កាត់ បទល្មើស online scam យ៉ាងម៉ឺងម៉ាត់បំផុត ក៏ដូចជាការបញ្ជូនជនជាតិកូរ៉េឱ្យ វិលត្រលប់​ទៅ​ប្រទេសបាន​លឿនផងដែរ។ គណៈប្រតិភូបានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចនិងបានស្នើសុំ ឱ្យបន្តប្រតិបត្តិការបង្ក្រាប​ឧក្រិដ្ឋជន និងផ្តល់កិច្ចអន្តរាគមន៍​ជួយ​សង្គ្រោះជនជាតិកូរ៉េ ដែលជាអ្នករងគ្រោះ ដោយការចាញ់បោក​មេខ្លោង នៃ​ឧក្រិដ្ឋកម្មឆបោកអនឡាញ។

ឯកឧត្តម KIM SEOK-KI បាននិយាយថា នៅពេលដែលត្រឡប់ទៅ ប្រទេសវិញ ឯកឧត្តមនឹងយក​លទ្ធផល​ខាង​លើនេះ ដើម្បីផ្សព្វផ្សាយ​ដល់ ប្រជាពលរដ្ឋកូរ៉េឱ្យបានទូលំទូលាយ និងជំរុញនគរបាលនៃ​សាធារណរដ្ឋកូរ៉េ ឱ្យសហការ​ជាមួយកម្លាំងសមត្ថកិច្ចរបស់កម្ពុជា ក្នុងការបង្ការទប់ស្កាត់ កុំឱ្យបទសល្មើស online scam នេះកើត​ឡើង និងបាន​សន្យាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា​ដើម្បី​ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានជោគជ័យ។

គួររំលឹកថា កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅ គណៈប្រតិភូកូរ៉េដឹក​នាំដោយ ឯកឧត្តម KIM SEOK-KI ក៏បាន​ចុះត្រួតពិនិត្យទីតាំង​អគារសេះស ដែលជាកន្លែងធ្លាប់មានការ​ប្រព្រឹត្ត​បទល្មើស online scam កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ស្ថិតនៅផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ផ្អែកតាមរបាយការណ៍បង្រ្កាប ក្នុងចំណោមជនសង្ស័យ​ជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ មានជនជាតិកូរ៉េ ចំនួន ៥៧នាក់ (ស្រី្ត២នាក់) និងជនជាតិចិន ចំនួន ២៩នាក់ (ស្រី្ត ៣នាក់) និងមានជនជាតិខ្មែរមួយចំនួន ព្រមទាំងវត្ថុតាង​មានកំព្យូទ័រ និងទូរសព្ទដៃជាច្រើនគ្រឿង។

ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ បានដាក់ចេញនូវបទបញ្ជា​ចំនួន៩ចំណុចសំខាន់ៗ ក្នុងនោះសម្តេច​ធិបតី បានសង្កត់ធ្ងន់ថា «អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជា​ប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និង​ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្ត​តាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយ​តម្លៃ ក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង»។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់​វិធានការតាម​ផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែល​ជាប់ពាក់​ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធ​បច្ចេកវិទ្យានេះ ដោយគ្មានការ​លើកលែងឡើយ៕

ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner