បាលទាត់សប្បុរសធម៌គាំទ្រវិរៈកងទ័ព ទទួលបានការឧបត្ថម្ភជាង ១០០០ដុល្លារហើយ ខណៈមូលនិធិនៅតែទទួលស្វាគមន៍ក្រុមបាល់ទាត់ផ្សេងៗទៀត
(ភ្នំពេញ)៖ លោក ដូ រី អ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger All Stars និងជាស្ថាបនិកកម្មវិធីបាល់ទាត់សប្បុរសធម៌ជួយដល់វិរៈកងទ័ពជួរមុខកម្ពុជា បានថ្លែងលើកឡើងថា ក្រុមបាល់ទាត់ Vlogger All Stars ប៉ះK8 នៅលើទីលានវាលស្មៅ នាកីឡដ្ឋានស្តាតចាស់ គឺជាបេសកម្មប្រកួតលើកទី២ហើយ ដើម្បីប្រមូលថវិកាគាំទ្រពីបណ្តាក្រុមបាល់ទាត់យកជួយគាំទ្រដល់វិរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រុំដែនពីការឈ្លានពានពីប្រទេសថៃ។
ស្ថាបនិករូបនេះ បានគូសបញ្ជាក់ទៀតថា ២ប្រកួតនេះ មូលនិធិទទួលបានការឧបត្ថម្ភពីក្រុមបាល់ទាត់បានជាង ១០០០ដុល្លារហើយ ដោយប្រកួតលើកទី១ ទទួលបានការគាំទ្រថវិកាចំនួន២លានរៀល និងប្រកួតលើកទី២ប៉ះក្រុមបាល់ទាត់ K8ទទួលបានការឧបត្ថម្ភចំនួន ៦៦៦ដុល្លារ ខណៈដែលបេសកម្មបន្តបន្ទាប់ទៀតគ្រោងនឹងទទួលការប្រកួតជាមួយបណ្តាក្រុមបាល់ទាត់ផ្សេងៗទៀតប្រមាណជា៤ទៅ៥ប្រកួតទៀត។ ដោយក្រុមបាល់ទាត់នីមួយៗតម្រូវឱ្យចូលរួមបរិច្ចាគថវិកាចាប់ពី២លានរៀលឡើងទៅ។
ទន្ទឹមជាមួយគ្នានេះដែរ ក្នុងនាមជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger All Stars និងជាស្ថាបនិកមូលនិធិជួយដល់វិរៈកងទ័ពជួរមុខ លោក ដូ រី សូមអំពាវនាវ ដល់ប្រជាពលរដ្ឋសូមលើកទឹកចិត្តដល់វិរៈកងទ័ព កុំធ្វើព័ត៌មានបំពុលសង្គម និងកុំស៊ែចែករំលែករាល់ព័ត៌មានបំពុលដល់សង្គម ហើយ ជឿងជាក់លើថ្នាក់ដឹកនាំនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង។
អតីតជម្រើសជាតិបាល់ទាត់ លោក សោម សារ៉ន គ្រូបង្គោល ក្រុមបាល់ទាត់K8 បានលើកឡើងថា ការចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិនេះ គឺមានចំនួនតិចតួចនោះទេ ប៉ុន្តែអារម្មណ៍ក្នុងក្រុមបាល់ទាត់របស់លោកទាំងអស់គឺសប្បាយចិត្ត ហើយការចូលរួមថវិកាជួយដល់វិរៈកងទ័ពជួរមុខនេះ សម្រាប់ក្រុមលោកគឺជាលើកទី៣ហើយ ។ ព្រោះការចូលរួមនេះ គឺជាការបញ្ជាក់ពីទឹកចិត្តក្តីស្រលាញ់គាំទ្រចំពោះវរភាពអង់អាចក្លាហានរបស់វិរៈកងទ័ពយើងដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រុំដែន។យើងជាប្រជាពលរដ្ឋគ្មានអ្វីជួយពួកគាត់បាននោះទេ ពោលគឺមានតែស្មានតីគាំទ្រពីក្រោយជួយជាសម្ភារៈនេះឯង។
ទន្ទឹមជាមួយគ្នានេះ លោក បានលើទឹកចិត្តដល់កីឡាទាំងអស់ គួរបង្កើតនូវមូលនិធិជួយគាំទ្រដល់វិរៈកងទ័ពជួរមុខ តាមរូបភាពប្រកួតគ្រប់ប្រភេទកីឡា ដើម្បី
បង្ហាញពីស្មារតីគាំទ្រលើកទឹកដល់វិរៈកងទ័ពកម្ពុជា។
គួរឱ្យដឹងដែរថា កម្មវិធីបាល់ទាត់សប្បុរសធម៌នេះ គ្រោងនឹងធ្វើការមិត្តភាពចំនួនប្រកួត១០ប្រកួត ដោយគ្រោងបញ្ចប់នៅខែធ្នូឆ្នាំ២០២៥ ខណៈការប្រកួតជួបបាន៥ក្រុមទៀត នឹងយកថវិកាទិញសម្ភារៈមួយចំនួនជូនវិរៈកងទ័ពមួយដំណាក់កាលសិន ហើយ ប្រកួតបន្តទៀត និងយកទៅជួយតាមក្រោយទៀត៕







រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ