អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ ជាង ៧ម៉ឺន៤ពាន់ករណី ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាជូនដល់អ្នកជាប់ពន្ធ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់ បានចំនួនជាង ៧ ម៉ឺនករណី គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២៥ ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី បច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារ ជូនដល់សមាជិតសមាគមសហព័ន្ធធុរកិច្ច វៀតណាម-កម្ពុជា ។

ឯកឧត្តម អេង រតនា មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ ក្លាយជាស្ថាប័នរដ្ឋមួយដែលឈានមុខគេ ដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Digital គ្រប់ផ្នែកទាំងអស់ ហើយប្រព័ន្ធនេះ ត្រូវបានបង្កើតឡើង ដោយធនធានមនុស្ស របស់អគ្គនាយកដ្ឋានពន្ធដារតែម្តង ។

ឯកឧត្តម អេង រតនា បន្តថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាជូនដល់អ្នកជាប់ពន្ធជាច្រើន ក្នុងនោះបានផ្តល់សេវាពិគ្រោះយោបល់ ជូនអ្នកជាប់ពន្ធចំនួនជាង៧ម៉ឺន៤ពាន់ករណី (៧៤ ៣៥១ ករណី) (ថយចុះ ១,៤៤៥ លើក ប្រៀបធៀបរយៈដូចគ្នាឆ្នាំ២០២៤)។ ក្នុងនោះ មានជាការពិគ្រោះយោបល់ តាមរយៈ Call Center- 1277, កម្មវិធី GDT Live Chat, បណ្តាញទំនាក់ទំនងសង្គម Facebook, ព្រមទាំងមានការ រៀបចំកម្មវិធីរៀន អំពីពន្ធដារតាមអនឡាញ (GDT E-Learning), ផ្សព្វផ្សាយតាម GDT News Channel និងកម្មវិធីពន្ធដារកម្ពុជា ។

ជាមួយគ្នានោះ ក្រុមការងារគាំទ្រសេវាអេឡិចត្រូនិក (e-TaxService) បានផ្តល់សេវាគាំទ្រ និងដោះស្រាយបញ្ហា និង សំណើនានា ពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីនិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ បានចំនួនជិត៣ម៉ឺនករណី (២៩ ៥៣៣ ករណី) មិនតែប៉ុណ្ណោះ នៅមានការផ្តល់សេវាផ្សេងៗជាច្រើនទៀត ដូចជា៖ ការឆ្លើយតបជាលាយលក្ខណ៍អក្សរ ការដោះស្រាយបណ្តឹងតវ៉ា និង ស្នើសុំអត្ថប្រយោជន៍ ពីការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ជាដើម ។

ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA) មានប្រសាសន៍ថា សិក្ខាសលានេះ ពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម និយាយដោយឡែក និងវិស័យផ្សេងៗទៀតនិយាយជារួម។ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គឺជាផ្នែកយុទ្ធសាស្ត្រមួយនៃឧស្សាហកម្ម និងការនាំចេញរបស់ប្រទេសកម្ពុជា ។ ការយល់ដឹងឲ្យបានកាន់តែច្បាស់លាស់ និងទាន់សម័យអំពីបទដ្ឋានពន្ធដារ និងកាតព្វកិច្ចសារពើពន្ធ គឺជាកត្តាគន្លឹះឆ្ពោះទៅរក ៖ ទី១. ការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ, ទី២. កាត់បន្ថយហានិភ័យ និងការខុសឆ្គង បណ្តាលមកពីកំហុសបច្ចេកទេសដោយអចេតនា, ទី៣.ការបង្កើនប្រសិទ្ធភាព នៃដំណើរការអាជីវកម្ម, និងទី៤. ការពង្រឹងសមត្ថភាពនៃ ការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ សិក្ខាសាលានេះ គឺជាសក្ខីកម្មដ៏ជាក់ច្បាស់មួយ នៃកិច្ចសហការល្អរវាងអាជ្ញាធរពាក់ព័ន្ធ និង សហគមន៍អាជីវកម្ម។ វាបង្ហាញឲ្យឃើញពីឆន្ទៈរួម ក្នុងការជួយអនុញ្ញាតឲ្យក្រុមហ៊ុន/សហគ្រាសទាំងឡាយ ជាពិសេស ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម អាចដំណើរការបានដោយស្របច្បាប់ ងាយស្រួល និង មានស្ថិរភាព ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner