លោក ពូទីន ប្តេជ្ញាសងសឹក បើសិនមីស៊ីល Tomahawk បាញ់ចំរុស្ស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានធ្ងន់ៗនៅថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងសងសឹកវិញយ៉ាងចាស់ដៃបំផុត បើសិនអ៊ុយក្រែនទទួលបាន និងហ៊ានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk របស់អាមេរិកវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី។

ក្រៅពីបោះពាក្យសម្តីគំរាមខ្លាំងៗ លោកប្រធានាធិបតី ពូទីន ក៏បានសន្យាដែរថា លោកនឹងបន្តការចចារដើម្បីស្វែងរកដំណោះស្រាយឈានដល់ការបញ្ចប់សង្គ្រាមអ៊ុយក្រែន បើទោះបីជាមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលជំនួបកំពូលជាមួយលោកនៅហុងគ្រីក៏ដោយ។

បុរសខ្លាំងរុស្ស៊ីមានវ័យ៧៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការសន្ទនាគ្នានៅតែជាមធ្យោបាយល្អបំផុត ប្រសើរជាងការប្រឈមមុខដាក់គ្នា ឬបង្កជម្លោះណាមួយ ជាពិសេសការធ្វើសង្គ្រាម។ លោកថា រុស្ស៊ីក៏តែងតែឱ្យតម្លៃ និងគាំទ្រការបន្តសន្ទនាគ្នាដោយសន្តិវិធីផងដែរ។

ប៉ុន្តែ… បើសិនរុស្ស៊ីរងការវាយប្រហារណាមួយពីមីស៊ីលអាមេរិក Tomahawk ដែលអ៊ុយក្រែនកំពុងទទូចចង់បានជាខ្លាំង នោះនឹងមានការសងសឹកវិញធំបំផុតមិននឹកស្មានដល់។

គួរកត់សម្គាល់ មីស៊ីល Tomahawk គឺជាប្រភេទកាំជ្រួចរយៈចម្ងាយឆ្ងាយដ៏មានសក្តានុពល អាចមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ។ មីស៊ីល Tomahawk ត្រូវបានគេប៉ាន់ស្មានថា ក្នុងមួយគ្រាប់ៗអាចមានតម្លៃរហូតដល់ ១.៣លានដុល្លារ និងមានសតម្ថភាពបាញ់ក្នុងចម្ងាយប្រហែល ២,៥០០គីឡូម៉ែត្រ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner