សម្តេចតេជោ ហ៊ុន សែន៖ ធាតុចូលនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ធាតុចូលរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាអស់ហើយ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភំ្នពេញ ។

សម្ដេចតេជោ បានថ្លែងថា ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះ ដែលបានផ្តល់ឱកាសឱ្យកម្ពុជា វិវឌ្ឍន៍ជាវិជ្ជមានជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ ។ សម្ដេចតេជោ បានប្រាប់ទៅអ្នកដែលមិនយល់ ឬធ្វើជាមិនយល់ ឬធ្វើក៏ធ្វើភ្លើឱ្យដឹងថា ធាតុចូលរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺបានយកមកដាក់នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជារួចហើយ ដែលជាច្បាប់កំពូលរបស់កម្ពុជា ។

សម្ដេចតេជោ បានបន្តថា មានអ្នកចង់ស្នើទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឱ្យកោះប្រជុំបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ, សម្ដេច ចំអកថា អ្នកឯងទៅស្នើសុំទៅបើគេមក?

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ជាសំណួរចោទសួរទៅវិញថា បើយកកិច្ចព្រមព្រៀងសន្តិភាពក្នុងប៉ារីស មកដោះស្រាយ តើសហប្រធានឥណ្ឌូណេស៊ី និងបារាំង រួមទាំងបណ្តាប្រទេសហត្ថលេខី យល់ព្រមដែរទេ? ម្យ៉ាងវិញទៀត ការដោះស្រាយព្រំដែនជាមួយថៃ គឺទៅហួសដល់តុលាការយុត្តិធម៌ ICJ និងកិច្ចប្រជុំ UNSC ដែលធំជាងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទៅទៀត ។

សម្ដេចបញ្ជាក់ថា ការដោះស្រាយព្រំដែនជាមួយថៃ បើផ្អែកលើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសបាន មិនចាំបាច់ទៅណាឆ្ងាយទេ ប៉ុន្ដែករណីជម្លោះនេះ គឺបានធ្វើហួសពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសទៅទៀត គឺបានទៅដល់តុលាការ ICJ ទៅដល់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងវេទិការអន្ដរជាតិដទៃទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner