ថ្នាក់ដឹកនាំក្រសួងដែនដីលើកទឹកចិត្តមន្ត្រីជំនាញឱ្យបន្តខិតខំផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរ
កំពត៖មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តដល់មន្ត្រីជំនាញឱ្យបន្តខិតខំកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដើម្បីផ្តល់សេវាឱ្យមានប្រសិទ្ធភាព លឿនរហ័ស និងជឿទុកចិត្តបាន ពិសេសការងារចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។

លោក ព្រាប សុផាត់ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានបញ្ជាក់ថា មន្ទីរបានផ្តោតការយកចិត្តទុកដាក់លើការងារស្នូលចំនួន៥គឺ១.ការងាររដ្ឋបាល ២.ការងារដីធ្លី ៣.ការងាររៀបចំដែនដីនិងនគរូបនីយកម្ម ៤.ការងារសំណង់ និងទី៥. ការងារលំនៅឋាន និងការងារសម្បទានដីសង្គមកិច្ច។ លោកបានបន្តថា កន្លងមកដោយអនុវត្តតាមគោលនយោបាយដីធ្លី ដែលបានដាក់ចេញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងការដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ការចុះវាស់វែងចុះបញ្ជីបានប្រមាណជាង ៧៦ម៉ឺនក្បាលដី ដែលស្មើនឹងជាង ៩៩ភាគរយ លើក្បាលដីសរុបប្រមាណជាង ៧៧ម៉ឺនក្បាលដីក្នុងខេត្តកំពត ហើយបានចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានប្រមាណជាង ៦៥ម៉ឺនក្បាលដី និងចែកបណ្ណដល់ដៃពលរដ្ឋជាង ៦០ម៉ឺនក្បាលដី។

ឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែង និងយកចិត្តទុកដាក់របស់ លោកប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទទាំងអស់ ក្នុងការអនុវត្តការងារលើវិស័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងលំនៅឋាន ដើម្បីធ្វើឱ្យវិស័យនេះទទួលបានលទ្ធផលល្អប្រសើរ និងធានាបានទាំងបរិមាណ គុណភាព និងប្រសិទ្ធភាព៕
ដោយ៖ សិលា សារិន



