សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យរំលឹកខួប១ឆ្នាំ នៃមរណភាពរបស់ឯកឧត្តម ជា ចាន់តូ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យរំលឹកខួបមួយឆ្នាំនៃមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ គឺជាបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប មិនចេះរីងស្ងួតចំពោះក្រុមគ្រួសារ ដែលតែងតែផ្ដល់នូវដំបូន្មាន អប់រំ ប្រៀនប្រដៅ បុត្រធីតា ចៅៗរហូតបានក្លាយជា ធនធានដ៏មានតម្លៃរបស់សង្គមជាតិ ។ ម្យ៉ាងវិញទៀត ឯកឧត្តមបណ្ឌិត ជា ចាន់តូ ក៏ជាការបាត់បង់នូវឥស្សរជន ជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតរបស់ ឯកឧត្តមបណ្ឌិត បានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកយ៉ាងសកម្មដល់កសាងនិងអភិវឌ្ឍប្រទេសជាតិឡើងវិញ ជាពិសេស ដល់ការ គ្រប់គ្រង ការកែទម្រង់ និងលើកកម្ពស់វិស័យផែនការ ជាអាទិ៍ ផែនការសេដ្ឋកិច្ចសង្គមដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញការវិនិយោគនៅកម្ពុជា ព្រមទាំងលើកកម្ពស់វិស័យធនាគារ តាមរយៈការធ្វើទំនើបកម្ម និងរក្សា បាននូវស្ថិរភាពប្រព័ន្ធធនាគារ និងរូបិយវត្ថុរហូតដល់សព្វថ្ងៃ។
សម្ដេចតេជោ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




















